កិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង និងខេត្តជាប់ព្រំដែន
AKP ស្ទឹងត្រែង ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំការផ្សព្វផ្សាយ និងជំរុញការអនុវត្តកំណត់ហេតុ និងអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់កិច្ចសហប្រតិបត្តិការរវាងខេត្តស្ទឹងត្រែង ជាមួយខេត្តដុងណាយ ខេត្តហ្សាឡាយនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងខេត្តចំប៉ាសាក់នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី គណៈអភិបាលរងខេត្ត ប្រធាន អនុប្រធាន មន្ទីរអង្គភាព ជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើននាក់។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួចមកហើយ រវាងភាគីពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងសន្តិសុខតាមតំបន់ព្រំដែន ឱ្យកាន់តែមានភាពរឹងមាំ និងចីរភាព។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តជាប់ព្រំដែនទាំងនេះ មានសារៈសំខាន់យ៉ាងខ្លាំងក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងភាពជាដៃគូយុទ្ធសាស្ត្រ ដោយផ្តោតលើវិស័យអាទិភាពជាច្រើន ដូចជា ការជំរុញពាណិជ្ជកម្មឆ្លងដែន ការផ្លាស់ប្តូរបច្ចេកទេស និងបទពិសោធន៍ ការអភិវឌ្ឍវិស័យកសិកម្ម និងឧស្សាហកម្ម ព្រមទាំងការពង្រឹងការគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់តាមបណ្តោយព្រំដែនផងដែរ។

ឯកឧត្តមក៏បានណែនាំដល់មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវតាមខ្លឹមសារកិច្ចព្រមព្រៀង និងត្រូវមានការសហការជិតស្និទ្ធគ្នា ដើម្បីធានាថា ការអនុវត្តគម្រោងនានា ទទួលបានលទ្ធផលជាក់ស្តែង និងអាចវាស់វែងបាន។ ជាពិសេស ត្រូវចាប់យកឱកាសក្នុងការទាក់ទាញវិនិយោគ និងបង្កើនសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់។

ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្តបានជំរុញឱ្យគ្រប់មន្ទីរអង្គភាពពាក់ព័ន្ធ បន្តពង្រឹងសាមគ្គីភាព និងសហការគ្នាឱ្យបានជាប់ជានិច្ច ដើម្បីអនុវត្តអនុស្សរណៈនៃការយោគយល់គ្នានេះឱ្យទទួលបានជោគជ័យ រួមចំណែកដល់ការអភិវឌ្ឍខេត្តស្ទឹងត្រែង ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត៕
ដោយ AKP





