អភិបាលខេត្តបន្ទាយមានជ័យចុះពង្រឹងស្មារតីសិស្សានុសិស្សដល់ក្នុងជម្រកបណ្តោះអាសន្ន៖ «រៀនឱ្យពូកែ និងស្អាតស្អំពីគ្រឿងញៀន ដើម្បីអនាគត»
AKP បន្ទាយមានជ័យ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦-- ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ឯកឧត្តម អ៊ុំ រាត្រីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានបន្តចុះជួបសំណេះសំណាលផ្ទាល់ជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សដែលកំពុងបំពេញការសិក្សានៅក្នុងមជ្ឈមណ្ឌលសិក្សាបណ្តោះអាសន្ន ដើម្បីផ្ដល់កម្លាំងចិត្ត និងទិសដៅអភិវឌ្ឍន៍ខ្លួន។

កាលពីរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អមដំណើរដោយ លោក ឃ្លោក នួយ អភិបាលរងខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូប បានអញ្ជើញទៅដល់ភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក។ គោលដៅសំខាន់នៃការចុះទៅនេះ គឺដើម្បីជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ដែលកំពុងរៀន និងបង្រៀននៅក្នុង ជម្រកបណ្តោះអាសន្ន (ផ្ទះអតីតយុទ្ធជន)។

ការចុះសួរសុខទុក្ខនេះមិនត្រឹមតែបង្ហាញពីការយកចិត្តទុកដាក់លើជីវភាពរស់នៅប៉ុណ្ណោះទេ ប៉ុន្តែគឺជាការពិនិត្យមើលស្ថានភាពជាក់ស្តែងនៃការសិក្សារបស់កុមារៗនៅក្នុងតំបន់ដាច់ស្រយាល និងតាមជម្រកនានាឱ្យទទួលបានឱកាសស្មើៗគ្នា។

នៅក្នុងឱកាសដ៏ស្និទ្ធស្នាលនោះ ឯកឧត្តមអភិបាលខេត្តបានចំណាយពេលជជែកលេង និងសាកសួរពីការរៀនសូត្ររបស់ក្មួយៗសិស្សានុសិស្សយ៉ាងយកចិត្តទុកដាក់។ ឯកឧត្តមបានសង្កត់ធ្ងន់លើចំណុចគន្លឹះចំនួន ២ ដែលជាមូលដ្ឋានគ្រឹះនៃភាពជោគជ័យការពង្រឹងសមត្ថភាពសិក្សា ឯកឧត្តមបានក្រើនរម្លឹកដល់កូនក្មួយ និងចៅៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រឱ្យអស់ពីសមត្ថភាព ដើម្បីក្លាយជាសិស្សពូកែ ក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់គ្រួសារ និងសង្គមជាតិ។

ការចៀសឆ្ងាយពីគ្រឿងញៀនអភិបាលខេត្តបានសង្កត់ធ្ងន់យ៉ាងដាច់អហង្ការថា សិស្សានុសិស្សត្រូវតែ «និយាយថាទេចំពោះគ្រឿងញៀន»។ ឯកឧត្តមបានរំលឹកថា គ្រឿងញៀនគឺជាបំផ្លាញអនាគត និងសេចក្តីថ្លៃថ្នូរ ដូច្នេះយុវជនត្រូវរួមគ្នាបង្ការ និងការពារខ្លួនឱ្យស្អាតស្អំជានិច្ច។ "ក្មួយៗត្រូវចងចាំថា ចំណេះវិជ្ជាគឺជាទ្រព្យជាប់ខ្លួនដែលគ្មានអ្នកណាអាចលួចបានឡើយ។ ចូរខំរៀនឱ្យក្លាយជាមនុស្សពូកែ និងត្រូវជៀសឱ្យឆ្ងាយពីល្បែងពាលា និងគ្រឿងញៀនដែលបំផ្លាញជីវិតក្មួយៗ"។
ទន្ទឹមនឹងការផ្តល់ដំបូន្មានដល់សិស្សានុសិស្ស ឯកឧត្តម អ៊ុំ រាត្រី ក៏បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្ត បង្រៀនសិស្សានុសិស្សនៅក្នុងជម្រកបណ្តោះអាសន្ននេះ។ ឯកឧត្តមបានចាត់ទុកថា នេះគឺជាស្មារតីស្នេហាជាតិ និងជាការចូលរួមចំណែកយ៉ាងធំធេងក្នុងការកាត់បន្ថយអនក្ខរកម្ម និងការកសាងមូលដ្ឋានគ្រឹះអប់រំនៅកម្ពុជា។
ដំណើរទស្សនកិច្ចនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ និងក្តីសង្ឃឹម។ វាគឺជាសក្ខីភាពមួយបង្ហាញថា ទោះបីជាស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យ តែងតែផ្តល់អាទិភាពខ្ពស់លើ "មនុស្ស" និង "ការអប់រំ" ដើម្បីធានាថាគ្មានកុមារណាម្នាក់ត្រូវបានបោះបង់ចោលឡើយ៕
ដោយ ឈុន សារ៉ាត





