លោក ដូណាល់ ត្រាំ អំពាវនាវឱ្យសមាជិកគណបក្សប្រជាធិបតេយ្យសហការជាមួយរដ្ឋបាលរបស់លោក បន្ទាប់ពីមានហេតុការណ៍បាញ់ប្រហារនៅទីក្រុងមីនីប៉ូលីស
AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ -- ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃអាទិត្យ បានជំរុញឱ្យសមាជិកគណបក្សប្រជាធិបតេយ្យ «សហការជាផ្លូវការ» ជាមួយរដ្ឋបាលរបស់លោក ជំនួសឱ្យការទប់ទល់ និងញុះញង់អណ្តាតភ្លើងនៃការបែកបាក់បន្ទាប់ពីមានហេតុការណ៍បាញ់សម្លាប់ពលរដ្ឋអាម៉េរិកម្នាក់ដោយភ្នាក់ងារសហព័ន្ធ។
នៅលើបណ្តាញសង្គម Truth Social របស់លោក ត្រាំ លោកបានអំពាវនាវដល់អភិបាលរដ្ឋមីនីសូតា លោក ធីម វ៉លហ្ស៍ (Tim Walz) និងអភិបាលក្រុងមីនីប៉ូលីស លោក ចាកូប ហ្វ្រី (Jacob Frey) រួមជាមួយសមាជិកគណបក្សប្រជាធិបតេយ្យគ្រប់រូប «ឱ្យសហការជាផ្លូវការជាមួយរដ្ឋបាលរបស់លោក ត្រាំ ដើម្បីអនុវត្តច្បាប់របស់ប្រទេសជាតិយើង ជាជាងការទប់ទល់ និងញុះញង់ដោយអណ្តាតភ្លើងនៃការបែកបាក់ភាពវឹកវរ និងអំពើហិង្សា»។
លោកបានជំរុញឱ្យលោក វ៉លហ្ស៍ និងលោក ហ្វ្រី ប្រគល់ជនបរទេសខុសច្បាប់ទាំងអស់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគាររដ្ឋទាំងនោះទៅឱ្យអាជ្ញាធរសហព័ន្ធ រួមជាមួយអ្នកផ្សេងៗទៀតដែលមានដីកាចាប់ខ្លួន ឬប្រវត្តិឧក្រិដ្ឋកម្មដែលគេបានដឹង សម្រាប់ការនិរទេសជាបន្ទាន់។
លោក ត្រាំ បានគូសបញ្ជាក់ថា «ការអនុវត្តច្បាប់រដ្ឋ និងច្បាប់មូលដ្ឋានត្រូវតែយល់ព្រមប្រគល់ជនបរទេសខុសច្បាប់ទាំងអស់ដែលត្រូវបានចាប់ខ្លួនដោយប៉ូលិសមូលដ្ឋាន។ ប៉ូលិសមូលដ្ឋានត្រូវតែជួយអនុវត្តច្បាប់សហព័ន្ធក្នុងការចាប់ខ្លួន និងឃុំខ្លួនជនបរទេសខុសច្បាប់ដែលត្រូវបានចាប់ពីបទឧក្រិដ្ឋ»។
លោកបានបន្ថែមថា សមាជិកគណបក្សប្រជាធិបតេយ្យ «ត្រូវតែសហការ» ជាមួយរដ្ឋាភិបាលសហព័ន្ធ «ដើម្បីការពារពលរដ្ឋអាម៉េរិកក្នុងការបណ្តេញចេញយ៉ាងឆាប់រហ័សនូវជនបរទេសខុសច្បាប់ទាំងអស់នៅក្នុងប្រទេសរបស់យើង»។
លោកបាននិយាយថា «ខ្ញុំសូមអំពាវនាវដល់សភាសហរដ្ឋអាមេរិកឱ្យអនុម័តច្បាប់ជាបន្ទាន់ដើម្បីបញ្ចប់ទីក្រុងអភិរក្ស ដែលជាមូលហេតុចម្បងនៃបញ្ហាទាំងអស់នេះ។ ទីក្រុងទាំងអស់របស់សហរដ្ឋអាមេរិកគួរតែជាកន្លែងអភិរក្សដ៏មានសុវត្ថិភាពសម្រាប់តែពលរដ្ឋអាម៉េរិក ដែលគោរពច្បាប់ប៉ុណ្ណោះ មិនមែនឧក្រិដ្ឋជនជនបរទេសខុសច្បាប់ដែលបានបំពានច្បាប់ជាតិរបស់យើងទេ»។
បុរសអាយុ ៣៧ឆ្នាំម្នាក់ត្រូវបានបាញ់សម្លាប់កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅទីក្រុងមីនីប៉ូលីស រដ្ឋមីនីសូតា ដែលជាហេតុការណ៍បាញ់សម្លាប់ពលរដ្ឋអាម៉េរិកម្នាក់ជាលើកទីពីរដោយភ្នាក់ងារសហព័ន្ធនៅក្នុងខែនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





