លោកជំទាវបណ្ឌិត បាន ស្រីមុំ ចុះសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ
AKP ប៉ៃលិន ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ ចំនួន៨៧គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦។

លោកជំទាវបណ្ឌិត បាន ស្រីមុំ បានពាំនាំមកនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ព្រមទាំងបានសម្ដែងការសោកស្ដាយចំពោះការខូចខាតបាត់បង់ផ្ទះសំបែង ទ្រព្យសម្បត្តិដោយគ្រោះមហន្តរាយ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋរងគ្រោះ សូមកុំឱ្យមានការអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត។

លោកជំទាវអភិបាលខេត្តបានមានប្រសាសន៍លើកឡើងថា គ្រោះថ្នាក់ធម្មជាតិ គឺតែងតែកើតមានឡើងជាយថាហេតុ។ ជាក់ស្តែងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ មានភ្លៀងធ្លាក់ លាយឡំនឹងខ្យល់កន្ត្រាក់ បានបណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋ រលំផ្ទះទាំងស្រុង ចំនួន១២ខ្នង ស្មើនឹង១២គ្រួសារ របើកដំបូលផ្ទះចំនួន៧៥ខ្នង ស្មើនឹង៧៥គ្រួសារ នៅឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតមនុស្ស និងសត្វនោះទេ។ ដូច្នេះសូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ហើយបើមានបញ្ហាអ្វីកើតឡើងនៅក្នុងមូលដ្ឋានរបស់បងប្អូនរស់នៅ សូមប្រញាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុតឱ្យបានលឿន ដើម្បីក្រុមការងារចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ បានទាន់ពេលវេលាក្នុងការចូលរួមសម្រាលការខ្វះខាតនានាជាបណ្តោះអាសន្ន។

ក្នុងឱកាសនោះ លោកជំទាវបណ្ឌិត បាន ស្រីមុំ មានប្រសាសន៍ក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង និងសូមលើកទឹកចិត្តដល់ប្រជាពលរដ្ឋកុំឱ្យមានការអស់សង្ឃឹមត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ មិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៏អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា។

សូមបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់ ដែលផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់ រួមមាន៖ អង្ករ៥០គីឡូក្រាម តង់កៅស៊ូ ២ (4x6m និង2x3m) ឃីត១កញ្ចប់ (ទឹកត្រី និងទឹកស៊ីអ៊ីវ ត្រីខ កន្ទេល មុង ភួយ ឆ្នាំងបាយ ឆ្នាំងខ្ទះ ចានបាយ វែកបាយ វែកសម្ល ទឹកសុទ្ធ) និងថវិកាចំនួន៥០ម៉ឺនរៀល៕
ដោយ វួច ពឿន





