ស្លាប់១៥នាក់ និងបាត់ខ្លួន២៨នាក់ ក្នុងហេតុការណ៍លិចសាឡាងនៅហ្វីលីពីនភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- អាជ្ញាធរហ្វីលីពីនបាននិយាយថា យ៉ាងហោចណាស់មានសាកសពចំនួន ១៥នាក់ត្រូវបានរកឃើញ និងមនុស្ស ២៨នាក់ទៀតនៅតែកំពុងបាត់ខ្លួន បន្ទាប់ពីសាឡាងឆ្លងកោះមួយគ្រឿងដែលដឹកមនុស្សយ៉ាងហោចណាស់ ៣៥០នាក់បានលិចកាលពីព្រឹកព្រលឹមថ្ងៃច័ន្ទនេះ នៅក្នុងដែនទឹកនៃខេត្តបាស៊ីឡាន នៅប្រទេសហ្វីលីពីនភាគខាងត្បូង។
លោក រ៉ូមែល ឌូ (Romel Dua) មេបញ្ជាការកងឆ្មាំសមុទ្រហ្វីលីពីន(PCG) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣១៦នាក់ត្រូវបានជួយសង្គ្រោះ។
PCG បាននិយាយថា សាឡាង M/V Trisha Kerstin 3 កំពុងធ្វើដំណើរទៅកាន់កោះចូឡូ នៅក្នុងខេត្តស៊ូលូ ដោយបានចេញពីទីក្រុងហ្សាំបាវង៉ា នៅពេលដែលវាបានលិចនៅមុនម៉ោង ២:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅថ្ងៃចន្ទនេះ នៅកោះបាលុក-បាលុក ក្នុងទីក្រុងហាដជីមូតាម៉ាដដែលជាក្រុងមួយនៅក្នុងសមុទ្រស៊ូលូ។
ឧត្តមនាវីឯក រ៉ុននី ហ្គីល ហ្កាវ៉ាន់ (Ronnie Gil Gavan) មេបញ្ជាការកងឆ្មាំសមុទ្រហ្វីលីពីនបានប្រាប់អ្នកសារព័ត៌មាននៅទីក្រុងម៉ានីលថាសាឡាងនេះបានចាកចេញពីកំពង់ផែទីក្រុងហ្សាំបាវង៉ា នៅវេលាម៉ោងប្រហែល ៩:២០នាទីយប់ (ម៉ោងក្នុងស្រុក) នៅថ្ងៃអាទិត្យ។
លោក ហ្កាវ៉ាន់ បាននិយាយថា «ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែអ្វីដែលខ្ញុំអាចនិយាយបាន គឺថាសាឡាងនេះមិនបានផ្ទុកលើសទម្ងន់នោះទេ។ វាមានសមត្ថភាពផ្ទុកអ្នកដំណើរអតិបរមា ៣៥០នាក់ហើយអ្នកដំណើរពិតប្រាកដនៅលើកប៉ាល់ ដូចដែលបានប្រកាសដោយមេសាឡាង គឺ ៣៣២នាក់»។
លោកបានបន្ថែមថា «មានអ្នកស្លាប់ និងរបួស ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ច្បាស់លាស់នៅឡើយទេ»។
លោក ហ្កាវ៉ាន់ បាននិយាយថា មូលហេតុនៃការលិចសាឡាងនេះកំពុងស្ថិតក្រោមការស៊ើបអង្កេត៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស៊ីនហួ)





