ឥណ្ឌូណេស៊ី៖ មនុស្ស ៧នាក់ស្លាប់ និងរាប់រយនាក់បាត់ខ្លួន ដោយសារការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ -- យ៉ាងហោចណាស់មានមនុស្ស០៧នាក់បានស្លាប់ និងរាប់រយនាក់កំពុងបាត់ខ្លួន បន្ទាប់ពីមានហេតុការណ៍រអិលបាក់ដី អមដោយទឹកជំនន់ភ្លាមៗ ដែលបានវាយប្រហារតំបន់បាន់ឌុងខាងលិច ក្នុងខេត្តជ្វាខាងលិច របស់ប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅនេះ។
គ្រោះមហន្តរាយនេះបានកើតឡើងនៅវេលាម៉ោងប្រហែល៣:០០នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយអ្នកស្រុកបានរាយការណ៍ថា បានឮសំឡេងខ្លាំងៗ មុនពេលថ្ម និងភក់ពីភូមិប៉ាសឺគូនីងហូរចូលទៅក្នុងភូមិប៉ាសឺ គូដា ដែលនៅជិតនោះ។ ផ្ទះរាប់សិបខ្នងត្រូវបានកប់នៅក្រោមថ្ម និងភក់ ដែលបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់តំបន់លំនៅដ្ឋាននៅជិតកន្លែងរអិលបាក់ដី។
តួលេខបឋមរបស់មន្រ្តីប៉ូលិសក្នុងតំបន់ បានបង្ហាញថា គិតត្រឹមថ្ងៃត្រង់ ថ្ងៃទី២៤ ខែមករា សាកសពចំនួន ០៧ត្រូវបានរកឃើញ។ ទន្ទឹមនឹងនេះ មនុស្សរាប់រយនាក់នៅតែកំពុងជាប់គាំង ឬបាត់ខ្លួន។ ក្រុមស្វែងរក និងជួយសង្គ្រោះអន្តរភ្នាក់ងារកំពុងធ្វើប្រតិបត្តិការជាបន្ទាន់នៅកន្លែងកើតហេតុ។
កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកំពុងប្រឈមមុខនឹងបញ្ហាប្រឈមដោយសារតែដីរដុប បរិមាណថ្ម និងភក់ច្រើន និងហានិភ័យនៃភ្លៀងធ្លាក់ជាបន្តបន្ទាប់ ដែលអាចបង្កឱ្យមានការរអិលបាក់ដីបន្ថែមទៀត។
អាជ្ញាធរមូលដ្ឋានបានជំរុញឱ្យប្រជាជនដែលរស់នៅក្បែរតំបន់ដែលរងផលប៉ះពាល់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងតំបន់ងាយនឹងរអិលបាក់ដី ខណៈដែលបានព្រមានអំពីសក្តានុពលនៃគ្រោះមហន្តរាយបន្ទាប់បន្សំដោយសារតែដី និងថ្មមិនស្ថិតស្ថេរ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ VNA)





