ចិនបញ្ជាឱ្យត្រួតពិនិត្យសុវត្ថិភាពអគ្គីភ័យនៅទូទាំងប្រទេស បន្ទាប់ពីមានអគ្គីភ័យដ៏សាហាវមួយនៅហុងកុង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ -- អាជ្ញាធរចិនបាននិយាយថាប្រទេសចិនបានចាប់ផ្តើមការត្រួតពិនិត្យនៅទូទាំងប្រទេសទៅលើគ្រោះថ្នាក់អគ្គីភ័យនៅក្នុងអគារលំនៅដ្ឋាន និងអគារសាធារណៈខ្ពស់ៗបន្ទាប់ពីមានគ្រោះអគ្គីភ័យដ៏ធំមួយនៅទីក្រុងហុងកុងដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨នាក់ ខណៈដែលប្រហែល ២០០នាក់ផ្សេងទៀតនៅមិនទាន់រាប់បញ្ចូលនៅឡើយ។
នៅក្នុងសេចក្តីជូនដំណឹងមួយដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន គណៈកម្មាធិការសុវត្ថិភាពការងាររបស់ក្រុមប្រឹក្សារដ្ឋចិន បានណែនាំដល់រដ្ឋាភិបាលមូលដ្ឋានឱ្យអនុវត្តការត្រួតពិនិត្យជាបន្ទាន់ និងជួសជុលបញ្ហានៅក្នុងអគារលំនៅដ្ឋានដែលមានមនុស្សរស់នៅ អគារការិយាល័យ មន្ទីរពេទ្យ និងផ្សារទំនើបនានា។ គណៈកម្មាធិការបាននិយាយថា យុទ្ធនាការនេះមានគោលបំណងទប់ស្កាត់គ្រោះថ្នាក់ដែលទាក់ទងនឹងការងារជួសជុលឡើងវិញ សម្ភារៈចាស់ៗ និងផ្លូវជម្លៀសដែលត្រូវបានរារាំង។
សេចក្តីណែនាំនេះបានកើតឡើងបន្ទាប់ពីមានគ្រោះអគ្គីភ័យដ៏សាហាវមួយកាលពីថ្ងៃពុធសប្តាហ៍មុននៅអាគារលំនៅដ្ឋានវ៉ាងហ្វ៊ុក (Wang Fuk)ដែលជាអចលនទ្រព្យលំនៅដ្ឋានមួយនៅក្នុងសង្កាត់តៃប៉ូ របស់ទីក្រុងហុងកុង។ អគ្គីភ័យនេះត្រូវបានរាយការណ៍ជាលើកដំបូងនៅវេលាម៉ោង០២:៥១នាទីរសៀល ហើយអគ្គីភ័យបានកើនឡើងយ៉ាងឆាប់រហ័សដល់កម្រិតប្រកាសអាសន្នខ្ពស់បំផុតរបស់ទីក្រុង ដោយបានបញ្ចេញផ្សែងយ៉ាងក្រាស់ឡើងទៅលើមេឃ និងរាលដាលដល់អគារលំនៅដ្ឋានចំនួនប្រាំពីរក្នុងចំណោមអគារចំនួនប្រាំបីនៃការអភិវឌ្ឍនោះ។ អណ្តាតភ្លើងដែលអាចមើលឃើញទាំងអស់ត្រូវបានគ្រប់គ្រងបាននៅថ្ងៃសៅរ៍៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





