ឯកឧត្តម សុខ លូ ប្រគល់ផ្ទះមនុស្សធម៌១ខ្នង ជូនដល់ភរិយា វីរៈកងទ័ព នៅស្រុកថ្មគោល
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អមដំណើរដោយ អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការសាខា អនុសាខាស្រុកថ្មគោល ក្រុមកាកបាទក្រហមឃុំ អ្នកស្មគ្រ័ចិត្ត នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានប្រគល់ផ្ទះ មនុស្សធម៌១ខ្នងលេខរៀងទី២៣ ជាអំណោយរបស់ សាខាកាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ អ្នកស្រី ទូច រ័ត្ន អាយុ៤៧ឆ្នាំ ជាភរិយា និងកូនរបស់លោកព្រឹន្ទបាលឯក ជួប ថុន និងសំណេះសំណាល ព្រមទាំងផ្តល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ ក្នុងនោះគ្រួសារទីទ័លក្រ មានចាស់ជរាគ្មានទីពឹង ជនមានពិការភាព ចំនួន ២២គ្រួសារ និងប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៣គ្រួសារ សរុប ៦៥គ្រួសារ មកពីភូមិចំនួន១៥ភូមិលើឃុំចំនួន៨នៃស្រុកថ្មគោល ខេត្តបាត់ដំបង ។

លោក តេង គឹមស៊ាន អភិបាលស្រុកនិងជាប្រធានគណៈកម្មាធិការអនុសាខាស្រុក បានឲ្យដឹងថា ចំពោះស្ថានភាពរបស់គ្រួសារវីរៈកងទ័ព ជួប ថុន នៅអង្គភាពវីរៈសេនាតូចវិស្វកម្មយោធភូមិភាគទី៥ នៅទិសថ្មដា ដែលមាន ប្រពន្ធ ឈ្មោះ ទូច រ័ត្ន អាយុ ៤៧ឆ្នាំមានកូនប្រុសចំនួន ១ នាក់មានទីលំនៅ ភូមិថ្មគោលត្បូង ឃុំតាពូង ស្រុកថ្មគោលដែលជាគ្រួសារមានជីវភាពខ្វះខាត មានផ្ទះសមភាពទ្រុធទ្រោម ដំបូលធ្លុះធ្លាយពិបាករស់នៅ ក្រោមការយកចិត្តទុកដាក់របស់ ឯកឧត្តម សុខ លូ ដោយមើលពីការលំបាកក្រខ្សត់ ទើបសាខាកាកបាទក្រហមកម្ពុជាខេត្ត សាងសង់ផ្ទះជូនលោកស្រី ទូច រ័ត្ន និងកូនៗបានរស់នៅសមរម្យនាពេលនេះ ។

ក្នុងនាមកាកបាទក្រហមកម្ពុជាខេត្ត ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយ និងបានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត និងប្រសាសន៍សួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមគ្រួសារនៃសពវីរកងទ័ព និងប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះទាំងអស់ ដោយក្តីនឹករលឹក អាណិតស្រឡាញ់ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ឯកឧត្តម បានបន្ថែមថា ជាការតបស្នងសងគុណ រាជរដ្ឋាភិបាល រួមទាំងប្រជាជនកម្ពុជាទាំងអស់ សូមចងចាំនូវវីរភាពដ៏អង់អាចក្លាហានរបស់ វីរកងទ័ព ដែលបានបូជាសាច់ស្រស់ឈាមស្រស់ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាការផ្តល់ជូនមកវិញនូវសន្តិភាពជូនជាតិ មាតុភូមិ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប្រធានក៏បានសំណូមពរ និងក្រើនរំលឹកដល់បងប្អូនទាំងអស់សូមបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្ថែមទៀតចំពោះគ្រោះមហន្តរាយដោយធម្មជាតិព្រោះថា ឆ្នាំនេះរដូវប្រាំងមានរយៈពេលយូរ អាកាសធាតុក្តៅហួតហែង ពេលមានភ្លៀងធ្លាក់មកជាមួយនឹងខ្យល់កន្រ្តាក់ លាយឡំនឹងផ្គររន្ទះ អាចបង្កជាគ្រោះថ្នាក់ដល់អាយុជីវិត ព្រោះដើមរដូវវស្សាជិត មកដល់ហើយ ។
លោកស្រី ទូច រ័ត្ន និងកូនៗបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម សុខ លូ ជាពិសេស សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានគិតគូរនិងជួយឧបត្ថម្ភជាបន្តបន្ទាប់ ជាពិសេសផ្ទះថ្មី១ខ្នង ដែលមិននឹកស្មានដល់ថានឹងមានជម្រកយ៉ាងសមរម្យបែបនេះ និងបានប្តេជ្ញាចិត្តថានឹងថែរក្សាអោយបានគង់វង្សយូអង្វែងនិងខិតខំប្រកបមុខរបនិងចិញ្ចឹមបីបាត់ថែរក្សាកូន អោយបានរៀនសូត្រ ទៅមុខទៀត ដើម្បីសម្រេចក្តីបំណង ជាពិសេសមិនធ្វើឱ្យ អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏ដូចជាសប្បុរសជនដទៃទៀតខកបំណងឡើយ។
សូមបញ្ជាក់ផងដែរថា ផ្ទះលេខរៀងទី២៣ ដែលជាអំណោយរបស់សាខាខេត្តខាងលើនេះ មានទំហំ ៤ម៉ែត្រគុណ ៦ម៉ែត្រ ជញ្ជាំងស៊ីម៉ង់តិ៍ ក្រាលការ៉ូ ដំបូលប្រក់សង្ក័សី មានបន្ទប់ទឹកមួយក្រោយផ្ទះតយ៉ាបខាងមុខ២.៥ម៉ត្រ ផងដែរ ៕
ដោយ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង)





