គណៈបញ្ជាការឯកភាពខេត្តប៉ៃលិនបន្តចុះត្រួតពិនិត្យការធ្វើចរាចរណ៍ផ្តោតទៅលើជនបរទេសដែលលួចចូលមករស់នៅ និងប្រព្រឹត្តបទល្មើសខុសច្បាប់ទាំងយប់
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦--លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ បានដឹកនាំកម្លាំងចម្រុះបន្តដាក់គោលដៅតាមផ្លូវជាតិលេខ ៥៧-៥៩ ដើម្បីត្រួតពិនិត្យ គ្រប់គ្រង និងទប់ស្កាត់លើជនបរទេសខុសច្បាប់ចូលមកក្នុងភូមិ សាស្រ្តខេត្តប៉ៃលិន ក្នុងគោលដៅលួចប្រព្រឹត្តបទល្មើសខុសច្បាប់នានា ជាពិសេសទប់ស្កាត់ការលួចបង្កប់បទល្មើសបច្ចេកវិទ្យា(Online Scam) ក្នុងគោលបំណងការពារសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតបទល្មើសទាំងនេះឱ្យអស់ពីប្រទេសកម្ពុជា។

ការបន្តយុទ្ធនាការទប់ស្កាត់ និងចុះបង្ក្រាបបទល្មើសនានា ជាពិសេសបទល្មើសបច្ចេកវិទ្យា (Online Scam) របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន គឺក្នុងគោលបំណងរឹតបន្តឹងនៃការអនុវត្តរបបសន្តិសុខសង្គម របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តទាំងមូល ស្របតាមវិធានការចាំបាច់របស់រាជរដ្ឋាភិបាលដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារគ្រប់គ្រងសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ការពិនិត្យការតាំងទីលំនៅរបស់ជនបរទេស ទីតាំងកាស៊ីណូ ដើម្បីទប់ស្កាត់ជនបរទេស ដែលលួចចូលមករស់នៅក្នុងខេត្ត ដើម្បីប្រព្រឹត្តបទល្មើសដោយខុសច្បាប់។

សូមជម្រាបផងដែរថា ក្រោមគោលនយោបាយ និងឆន្ទៈដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ ច្បាស់លាស់របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានកំពុងអនុវត្តច្បាប់លើករណីឆបោកតាមប្រព័ន្ធអនឡាញដោយឃាត់ខ្លួនឧក្រិដ្ឋជន និងអ្នកពាក់ព័ន្ធបញ្ជូនទៅតុលាការដើម្បីផ្ដន្ទាទោស និងអនុវត្តនីតិវិធីបណ្ដេញចេញទៅប្រទេសកំណើតជាបន្តបន្ទាប់ ជាពិសេសបានសហការផ្ដល់ព័ត៌មានអំពីខ្សែបណ្ដាញមេខ្លោងទៅកាន់ប្រទេសក្នុងតំបន់ និងក្រៅតំបន់ជាច្រើនករណី៕

ដោយ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន)





