សហភាពអឺរ៉ុប៖ កិច្ចចរចា ស្តីពីដំណើរការសន្តិភាពអ៊ុយក្រែន កំពុងដំណើរការនៅកម្រិតផ្សេងៗគ្នាជាច្រើន
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ -- គណៈកម្មការអឺរ៉ុបបានបញ្ជាក់កាលពីថ្ងៃចន្ទថា កិច្ចពិភាក្សា ស្តីពីដំណើរការសន្តិភាពរបស់អ៊ុយក្រែន កំពុងដំណើរការនៅកម្រិតជាច្រើន។
លោកស្រី ផលឡា ពីនហូ (Paula Pinho) អ្នកនាំពាក្យគណៈកម្មការសហភាពអឺរ៉ុប បានថ្លែងក្នុងអំឡុងពេលសន្និសីទសារព័ត៌មានមួយថា កាលពីចុងសប្តាហ៍មុន «កិច្ចសន្ទនាជាច្រើនបានកើតឡើងនៅកម្រិតផ្សេងៗគ្នាទៅលើប្រធានបទនៃកិច្ចចរចាសន្តិភាពទាក់ទងនឹងអ៊ុយក្រែន»។
លោកស្រី ពីនហូ ក៏បានគូសបញ្ជាក់ផងដែរអំពីការហៅទូរស័ព្ទកាលពីពេលថ្មីៗនេះរវាងប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយ៉េន (Ursula von der Leyen) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskyy) ដែលពួកគេបានពិភាក្សាគ្នាអំពីជំហានបន្ទាប់សម្រាប់កិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលកំពុងដំណើរការនិងបញ្ហាដែលប៉ះពាល់ដល់សហភាពអឺរ៉ុបដោយផ្ទាល់។
លោកស្រី ពីនហូ បាននិយាយថា «កិច្ចចរចាកំពុងដំណើរការនៅកម្រិតផ្សេងៗគ្នា» ដោយលោកស្រីបានបន្ថែមថា ពួកគេកំពុងធ្វើឱ្យប្រាកដថាផលប្រយោជន៍របស់សហភាពអឺរ៉ុប និងអ៊ុយក្រែនត្រូវបានបញ្ជូនទៅកាន់សមភាគីរបស់ពួកគេនៅក្នុងកិច្ចចរចាសន្តិភាពទាំងនោះ។
កិច្ចចរចារវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែនកាលពីថ្ងៃអាទិត្យនៅរដ្ឋផ្លរីដា បានផ្តោតសំខាន់ទៅលើការកំណត់កន្លែងដែលកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាន ដែលនឹងបង្កើតព្រំដែនជាក់ស្តែងជាមួយរុស្ស៊ី។ នេះបើយោងតាមមន្ត្រីអ៊ុយក្រែនពីររូបដែលបាននិយាយជាមួយគេហទំព័រសារព័ត៌មាន Axios៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





