ថៃកំពុងប្រឈមមុខនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២៥ឆ្នាំកន្លងមក
AKP ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ -- តំបន់ភាគខាងត្បូងប្រទេសថៃកំពុងជួបប្រទះនឹងគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងរយៈពេល ២៥ឆ្នាំកន្លងមកនេះ ដោយមានមនុស្សប្រហែល ១៧០នាក់ត្រូវបានរាយការណ៍ថាបានស្លាប់។ ខេត្តសុងក្លាដែលរងគ្រោះខ្លាំងជាងគេ មានចំនួនអ្នកស្លាប់ដល់ទៅ១២៦នាក់។
គ្រោះទឹកជំនន់បានប៉ះពាល់ដល់ស្រុកចំនួន១០៥ នៅទូទាំងខេត្តចំនួន០៩ ដែលប៉ះពាល់ដល់ប្រជាជនចំនួន ១,១៦លានគ្រួសារ និងមនុស្សជិត០៣លាននាក់។
ទីក្រុងហាតយ៉ៃ ដែលជាទីក្រុងធំបំផុតនៅក្នុងខេត្តសុងក្លា បានកត់ត្រាទឹកភ្លៀងកម្រិត ៣៣៥មីលីម៉ែត្រកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលជាកម្រិតសរុបខ្ពស់បំផុតក្នុងរយៈពេលមួយថ្ងៃក្នុងរយៈពេល ៣០០ឆ្នាំកន្លងមក។
នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ឆានវីរៈគុល (AnutinCharnvirakul) បានប្រកាសអាសន្ននៅក្នុងខេត្តសុងក្លារួចហើយ និងបានសន្យាផ្តល់សំណងដល់ជនរងគ្រោះ ខណៈដែលក្រុមសង្គ្រោះបន្ទាន់បានដឹកជញ្ជូនអាហារ ទឹក ផ្ទះបាយចល័ត និងទូកជួយសង្គ្រោះ។
កាលពីថ្ងៃចន្ទ ព្រះមហាក្សត្រថៃ ព្រះអង្គម្ចាស់ មហា វ៉ាជីរ៉ាឡុងកន(Maha Vajiralongkorn) ក៏បានប្រកាសផងដែរថា ព្រះអង្គនឹងផ្តល់ថវិកាផ្ទាល់ព្រះអង្គចំនួន ២០.០០០បាត (៦២០ដុល្លារអាម៉េរិក) ដល់គ្រួសារនីមួយៗនៃអ្នកដែលបានស្លាប់ក្នុងគ្រោះទឹកជំនន់៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





