អ្នកនាំពាក្យក្រសួងសាធារណការ៖ ក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៥នេះ មានយានយន្ត ជាង ៣៧ ម៉ឺនគ្រឿង បានចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន
AKP ភ្នំពេញ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ -- គិតត្រឹមរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៥នេះ រាប់ចាប់ពីខែមករា ដល់ចុងខែកញ្ញា មានយានយន្តប្រមាណជា ៣៧៦ ៥០៧ គ្រឿង បានមកចុះបញ្ជី នៅក្រសួងសាធារណការ និងដឹកជញ្ជូន ដែលក្នុងនោះ មានរថយន្តធុនធ្ងន់ចំនួន ៧ ០៦២ គ្រឿង រថយន្តធុនស្រាល ៦១ ៦៣១ គ្រឿង និងទោចក្រយានយន្ត(ម៉ូតូ) ចំនួន ៣០៧ ៨១៤ គ្រឿង។

នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២៥។

ឯកឧត្តម ផន រឹម បានគូសបញ្ជាក់ថា ចំនួនយានយន្តដែលមកចុះបញ្ជីនៅក្រសួងសាធារណការនិងដឹកជញ្ជូន ត្រឹមរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៥នេះ គឺមានចំនួនច្រើនជាងចំនួនយានយន្តដែលមកចុះបញ្ជីនៅក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៤ ពោលគឺក្នុងរយៈពេល ៩ខែ ក្នុងឆ្នាំ ២០២៤ មានយានយន្តដែលមកចុះបញ្ជីសរុបត្រឹមតែ ៣០៤ ៧០៣ គ្រឿង តែប៉ុណ្ណោះ ដែលក្នុងនោះ មានទោចក្រយានយន្ត ចំនួន ២៥៩ ២១៧ គ្រឿង រថយន្តធុនស្រាលចំនួន ៤០ ៦០១ គ្រឿង និងរថយន្តធុនធ្ងន់ចំនួន ៤ ៨៨៥ គ្រឿង។
យោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ដូចគ្នា ក្នុងឆ្នាំ២០២៥ បើប្រៀបធៀបក្នុងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៤ គឺក្នុងឆ្នាំ២០២៥ មានកំណើនទោចក្រយានយន្ដដែលបានមកចុះបញ្ជីកើនប្រមាណជា ១៩% រថយន្ដធុនស្រាល ៥២% និងរថយន្ដធុនធ្ងន់ ៤៥%។
ឯកឧត្តម ផន រឹម បានលើកឡើងទាក់ទងនឹងការកើនឡើងនៃចំនួនយានយន្តដែលចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូននេះដោយបញ្ជាក់ថា គឺមកពីកត្តាមួយចំនួនដូចជា សេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ ប្រជាពលរដ្ឋមានជីវភាពធូរធា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ពាក់ព័ន្ធនឹងការចុះបញ្ជីយានយន្តអគ្គិសនីក៏មានកំណើនផងដែរ ពោលគឺគិតត្រឹមរយៈពេល ៩ខែ ក្នុងឆ្នាំ២០២៥នេះ មានយានយន្តអគ្គិសនី ចុះបញ្ជីចំនួន ៥ ៥៧១ គ្រឿង ដែលក្នុងនោះមាន ទោចក្រយានយន្ដ(ម៉ូតូអគ្គិសនី) ចំនួន ១ ១៥៣ គ្រឿង ត្រីចក្រយានយន្ត ១៦៧ គ្រឿង និង រថយន្តអគ្គិសនីចំនួន ៤ ២៥១ គ្រឿង។ខណះ រយះពេល ៩ខែនៃឆ្នាំ ២០២៤ មានយានយន្តអគ្គិសនីបានចុះបញ្ជីសរុបចំនួន ៣ ០៥៨ គ្រឿង។ បើគិតសរុបយានយន្តអគ្គិសនីដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូនមានចំនួន ១០ ៥៦៨ គ្រឿង។
សូមរម្លឹកផងដែរថា ក្នុងឆ្នាំ២០២៤ មានយានយន្តដែលបានចុះបញ្ជីនៅក្រសួងសាធារណការ និងដឹកជញ្ជូន សរុបចំនួន ៤១៣ ០៦៧ គ្រឿង៕
ដោយ៖ ឡាច សុជាតា





