កិច្ចប្រជុំផ្ទៃក្នុងពិភាក្សាលើគម្រោងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយម
AKP ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើ «គម្រោងធ្វើទំនើបកម្មប្រព័ន្ធព័ត៌មានឧតុនិយម» នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា ឆ្នាំ២០២៦ នេះ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះមានគោលបំណងត្រួតពិនិត្យ ប្រព័ន្ធព័ត៌មានឧតុនិយមដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្នដែល ត្រូវបានដំឡើង និងដាក់ឱ្យដំណើរការតាំងពីឆ្នាំ២០១១ មានរយៈពេលប្រមាណ១៥ឆ្នាំមកហើយ។ មកទល់ពេលនេះ ហេដ្ឋារចនាសម្ព័ន្ធផ្នែករឹង (Hardware) និងកម្មវិធីប្រព័ន្ធ (Software) មួយចំនួនមានសភាពចាស់ទ្រុឌទ្រោម និងមិនទាន់សម័យ ដែលបង្កជាហានិភ័យខ្ពស់ដល់និរន្តរភាពនៃប្រតិបត្តិការ ព្រមទាំងអាចរំខានដល់ការផ្តល់សេវាឧតុនិយម និងប្រព័ន្ធព្រមានជាមុន (Early Warning System) ដល់វិស័យសំខាន់ៗ រួមមាន៖ ការគ្រប់គ្រងធនធានទឹក កសិកម្ម អាកាសចរណ៍ស៊ីវិល នាវាចរណ៍ ការគ្រប់គ្រងគ្រោះមហន្តរាយ និងវិស័យសេដ្ឋកិច្ច-សង្គម។


ការរៀបចំគម្រោងធ្វើទំនើបកម្មនាពេលនេះ គឺដើម្បីពង្រឹងស្ថិរភាព បង្កើនប្រសិទ្ធភាព និងធានានិរន្តរភាពក្នុងការផ្តល់ទិន្នន័យ និងសេវាឧតុនិយមឱ្យកាន់តែមានភាពច្បាស់លាស់ ទំនុកចិត្តខ្ពស់ ជូនដល់សាធារណជន ក៏ដូចជាវិស័យពាក់ព័ន្ធនានា៕

ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម)





