អាជ្ញាធរ និងអង្គការសង្គមស៊ីវិល ប្តេជ្ញាចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងលើកកម្ពស់អក្ខរកម្មឌីជីថល
AKP ព្រះសីហនុ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦-- លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ តំណាងឯកឧត្តមអភិបាលខេត្តបានអញ្ជើញចូលរួមក្នុងវេទិកាសន្ទនា ក្រោមប្រធានបទ «ការពង្រឹងសមត្ថភាពអង្គការសង្គមស៊ីវិលក្នុងយុគសម័យឌីជីថល» ក្រោមអធិបតីភាពឯកឧត្តម ដួង វីរ័ត្ន អនុប្រធានប្រចាំការនៃក្រុមប្រឹក្សាភិបាល វ.ស.ស. នៅសណ្ឋាគារស៊ីប្រ៊ីស ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយមានអ្នកចូលរួមមកពីអង្គការសង្គមស៊ីវិលក្នុងខេត្តព្រះសីហនុ និងអាជ្ញាធរក្រុង ស្រុក នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិលបន្តពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងយុគសម័យឌីជីថល តាមរយៈការបន្ស៊ាំខ្លួន និងរៀនសូត្រជាប្រចាំនូវបច្ចេកវិទ្យាថ្មីៗ ការពង្រឹងសមត្ថភាពឌីជីថល ក្នុងការគ្រប់គ្រងទិន្នន័យ និងព័ត៌មានរបស់ស្ថាប័នរបស់ខ្លួន ដើម្បីចៀសវាងនូវហានិភ័យនៃបទល្មើសបច្ចេកវិទ្យា និងការប្រើប្រាស់វេទិកាឌីជីថល ដើម្បីពង្រីកវិសាលភាពនៃការផ្សព្វផ្សាយ ជំរុញឱ្យមានតម្លាភាព និងសម្រួលដល់ ការប្រាស្រ័យ ទាក់ទងជាមួយសហគមន៍មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។


ក្នុងឱកាសនោះ ឯកឧត្តម ដួង វីរ័ត្ន ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការយល់ដឹងអំពីបរិវត្តកម្មឌីជីថល ក៏ដូចជាគោលនយោបាយរដ្ឋាភិបាលឌីជីថល ព្រមទាំងបានលើកទឹកចិត្តឱ្យមានការចូលរួមចំណែកយ៉ាងផុលផុសកាន់តែសកម្មថែមទៀតពីអង្គការសង្គមស៊ីវិលនៅថ្នាក់មូលដ្ឋាន ដើម្បីរួមគ្នាបង្ការទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងបទល្មើសឌីជីថលនៅក្នុងសហគមន៍ សំដៅលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកាន់តែប្រសើរឡើង៕


ដោយ ងូ សុមុនី





