អ្នកនាំពាក្យក្រសួងការពារជាតិ៖ រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)
AKP ភ្នំពេញ ថ្ងៃួទី១៧ ខែសីហា ឆ្នាំ២០២៥–លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអបអរសាទរចំពោះលទ្ធផលកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នៅខេត្តត្រាត ប្រទេសថៃ កាលពីពេលថ្មីៗកន្លងទៅនេះដោយបានហៅវាថាគឺជាលទ្ធផលដែលប្រកបដោយវិជ្ជមាន។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការពារជាតិយ៉ាងដូច្នេះ ធ្វើឡើងក្នុងឱកាសនៃការផ្តល់សេចក្តីសង្ខេបព័ត៌មានប្រចាំថ្ងៃស្តីពីលទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានថ្លែងថា ការឯកភាពគ្នានៅក្នុងកិច្ចប្រជុំវិសាមញ្ញ នៃក្រុមលេខាគណៈកម្មាធិការ ព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC)នេះ គឺជាជំហានមួយដ៏មានសារៈសំខាន់បន្ថែមទៀតទៅលើការអនុវត្តនូវបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព ព្រមទាំងបង្កើននូវជំនឿទុកចិត្តគ្នាក្នុងគោលបំណងវិលត្រឡប់មករកប្រក្រតីភាពវិញ ដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាមានក្តីសង្ឃឹមថាកិច្ចប្រជុំបន្ទាប់របស់យោធភូមិភាគទី៤ របស់កម្ពុជាជាមួយយោធភូមិភាគទី២ថៃ និង យោធភូមិភាគទី៥កម្ពុជាជាមួយយោធភូមិភាគទី១ថៃវានឹងប្រកបទៅដោយជោគជ័យបន្ថែមទៀត។
លោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិ បានរំលឹកឡើងវិញពីកិច្ចព្រមព្រៀងបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងថៃ កាលពីកិច្ចប្រជុំពិសេសនៅប្រទេសម៉ាឡេស៊ី ដែលបានចូលជាធរមានកាលពីរំលងអធ្រាត្រថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៨ ថាបាននាំឱ្យមានកិច្ចប្រជុំគណៈកម្មាធិការកិច្ចការព្រំដែនទូទៅកម្ពុជា-ថៃ ដោយសម្រេចបាននូវកិច្ចព្រមព្រៀងចំនួន១៣ចំណុច ដែលសុទ្ធសឹងតែជាចំណុចសំខាន់ៗ ដើម្បីពង្រឹងបទឈប់បាញ់ឱ្យមានប្រសិទ្ធភាព និងមានភាពពេញលេញ។ ដូច្នេះលទ្ធផលជាវិជ្ជាមាននៃ កិច្ចប្រជុំវិសាមញ្ញក្រុមលេខាគណៈកម្មាធិការព្រំដេនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) នាពេល កន្លងទៅនេះវាគឺជាសញ្ញាមួយដ៏ល្អ ដែលបានបញ្ជាក់ថាកិច្ចព្រមព្រៀងនៃបទឈប់បាញ់គឺកាន់តែរឹងមាំ ហើយអ្វីៗដែលកំពុងតែដំណើរការទៅមុខគឺប្រកបដោយវិជ្ជមាន និងប្រកបដោយក្តីសង្ឃឹម ដែលអាចនឹងនាំស្ថានការណ៍ត្រឡប់មករកប្រក្រតីភាពវិញនាពេលឆាប់ៗនេះ៕

ដោយ៖ ចាន់ សុភឿន





