ឯកឧត្តម សុខ លូ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋពីរឃុំក្នុងស្រុកឯកភ្នំ
AKP បាត់ដំបង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ —
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២.១២៧បណ្ណជូនប្រជាពលរដ្ឋចំនួន ២.០៥៤គ្រួសារ មកពី ៥ភូមិនៃឃុំព្រៃចាស់ និងចំនួន ៤ភូមិនៃឃុំកោះជីវាំង ស្រុកឯកភ្នំ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានចាត់ទុកការផ្ដល់បណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប គឺជាប្រវត្តិសាស្រ្តមិនធ្លាប់មានពីមុនមកនោះទេ។ ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិសូមថែរក្សាបណ្ណឱ្យបានល្អ និងមិនត្រូវលក់ដីនោះទេ គួររក្សាទុកចែកតកូនតចៅ ព្រោះមនុស្សចេះតែកើតប៉ុន្តែដីធ្លីមិនកើតថ្មីទៀតនោះទេ។ សម្រាប់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដែលចេញដោយក្រសួងផែនការ ត្រូវបានលើកលែងចំពោះសេវាធ្វើបណ្ណកម្មសិទ្ធិដីធ្លី ចំណែកគ្រួសារទូទៅត្រូវបង់សេវា ១ម៉ែត្រក្រឡា ៤រៀលសម្រាប់ដីកសិកម្ម និង ១ម៉ែត្រក្រឡា ៣០រៀលសម្រាប់ដីសាងសង់។

ប្រជាពលរដ្ឋកុំរំលោភទន្ទ្រានកាន់កាប់ដីព្រៃលិចទឹក កុំកាប់បំផ្លាញព្រៃលិចទឹក និងកុំនេសាទខុសច្បាប់ ត្រូវខិតខំ ដាំដុះ បង្កបង្កេីនផល និង ចិញ្ចឹម សត្វ ដេីម្បី ផ្គត់ផ្គង់ ជីវភាព រស់នៅ ប្រចាំថ្ងៃ បន្ថែម។ ឯកឧត្តម ណែនាំ ដល់ ប្រជាពលរដ្ឋ ត្រូវ មានស្មារតីជាតិនិយមចូលរួមគាំទ្រ ផលិតផល ខ្មែរ ពង្រឹងសាមគ្គីភាព រួបរួមគ្នាជាធ្លុងមួយគាំទ្រ និងជឿជាក់លើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ប្រជាពលរដ្ឋទាំងអស់បាន សម្ដែង អារម្មណ៍ សប្បាយរីករាយ និងសូមគោរពអរគុណ និងដឹងគុណជាទីបំផុតចំពោះ សម្តេចតេជោ និងសម្តេចធិបតី ដែលបានចង្អុលបង្ហាញឱ្យឆ្វៀលដីជូនពួកគាត់៕
ដោយ៖ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង)





