រដ្ឋបាលខេត្តពោធិ៍សាត់ដាំកូនឈើចំនួន៤៥០០ដើម នៅយោធភូមិភាគ៥ ទិសទី៤ ស្រុកវាលវែង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦--
បន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃកម្ពុជា ក្នុងពិធីអបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ១២ ឧសភា ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានដឹកនាំមន្ទីរ អង្គភាព និងរដ្ឋបាលក្រុង-ស្រុក នាំយកកូនច្រេស ជាប្រភេទឈើដែលធន់នឹងអាកាសធាតុចំនួន៤៥០០ដើមដាំនៅយោធភូមិភាគ៥ ទិសទី៤ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានបង្ហាញពីលក្ខណៈបច្ចេកទេស និងរបៀបដាំដុះកូនឈើឱ្យបានត្រឹមត្រូវជូនដល់បងប្អូនវីរកងទ័ពជួរមុខ ដើម្បីធានាឱ្យកូនឈើទាំងនោះមានអត្រារស់រានខ្ពស់ ដែលសកម្មភាពនេះមិនត្រឹមតែជាការចូលរួមបង្កើតគម្របបៃតង និងការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការផ្តល់កម្លាំងចិត្ត និងពង្រឹងសាមគ្គីភាពយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលស៊ីវិល ជាមួយវីរកងទ័ពដែលកំពុងឈរជើងការពារទឹកដីនៅជួរមុខផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ រដ្ឋបាលខេត្តពោធិ៍សាត់)





