អភិបាលខេត្តកណ្ដាលចុះពិនិត្យការស្ថាបនាផ្លូវលេខ១២១៨ ក្នុងសង្កាត់សំពៅពូន ក្រុងសំពៅពូន
AKP កណ្ដាល ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នាថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ បានដឹកនាំមន្ទីរជំនាញចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) និងរៀបចំប្រព័ន្ធលូទឹកភ្លៀង ការដាក់លូតាមបណ្តោយផ្លូវជាតិលេខ ២១ និងការងារស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែក នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ត បានជំរុញដល់ក្រុមការងារបច្ចេកទេស និងមន្ត្រីជំនាញទាំងអស់ ត្រូវពន្លឿនកិច្ចការងាររបស់ខ្លួនប្រកបដោយប្រសិទ្ធភាព។ ការស្ថាបនាផ្លូវលេខ១២១៨ (ផ្លូវព្រែកស្បូវ) ចាក់បេតុងសសៃដែក ប្រវែង២៧០០ម៉ែត្រ ទទឹង១២ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ និងរៀបចំប្រព័ន្ធលូទឹកភ្លៀង មុខកាត់០,៨ម៉ែត្រ តាមបណ្តោយផ្លូវលេខ១២១៨ និងការស្ថាបនាផ្លូវតាមបណ្តោយប្រឡាយ ៧៦ជាបេតុងសសៃដែកប្រវែង១២៣០ម៉េត្រ ទទឹង១៥ម៉ែត្រ កម្រាស់ ២០សង់ទីម៉ែត្រ ព្រមទាំងផ្លូវខ្នែងប្រវែង៣៧៥ម៉ែត្រ ទទឹង៨,២៥ម៉ែត្រ កម្រាស់២០សង់ទីម៉ែត្រ និងលូប្រអប់ លូមូលកាត់ទទឹងផ្លូវ៤កន្លែង។

ពេលនេះការដាក់លូមុខកាត់១ម៉ែត្រ តាមបណ្តោយផ្លូវជាតិលេខ២១ ព្រមទាំងលូប្រអប់កាត់ទទឹងផ្លូវចំនួន៤កន្លែង នៅសង្កាត់សំពៅពូន ក្រុងសំពៅពូន ដែលកំពុងស្ថាបនា គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៥ខាងមុខនេះ៕

ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





