កិច្ចប្រជុំស្តីពីការការពារកុមារក្នុងវិស័យអប់រំ
AKP ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦--
សភាពាណិជ្ជកម្មអាមេរិក (AmCham) នៅកម្ពុជា សហការជាមួយភាគីពាក់ព័ន្ធជាច្រើនផ្សេងទៀត ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ បានរៀបចំកិច្ចប្រជុំស្ដីពីការការពារកុមារក្នុងវិស័យអប់រំ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក Devin Barter ប្រធាន AmCham ប្រចាំកម្ពុជា លោក Christopher McCarthy នាយកប្រតិបត្តិ AmCham រួមទាំងប្រធាននាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងនាយកដ្ឋានកិច្ចការពារកុមារ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងគោលបំណងប្រមូលផ្តុំអ្នកពាក់ព័ន្ធសំខាន់ៗនៅក្នុងវិស័យអប់រំ រួមទាំងថ្នាក់ដឹកនាំសាលារៀន អ្នកអប់រំ ដៃគូអភិវឌ្ឍន៍ និងស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តជាក់ស្តែងនៃគោលនយោបាយការពារកុមារនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត សោម រតនា បានលើកឡើងនូវគោលនយោបាយដែលបានដាក់ចេញ ពាក់ព័ន្ធនឹងកិច្ចគាំពារកុមាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងបានគូសបញ្ជាក់ពីការអនុវត្តជាក់ស្តែងយ៉ាងមានប្រសិទ្ធភាពនាពេលកន្លងមក។ បន្ថែមពីនេះឯកឧត្តមបណ្ឌិត ក៏បានលើកទឹកចិត្តដល់ស្ថាប័នអប់រំឯកជនទាំងអស់បន្តយកចិត្តទុកដាក់ទៅលើការការពារ ក៏ដូចជាការអប់រំកុមារ ព្រោះថាការ ងារនេះមិនត្រឹមតែជាកាតព្វកិច្ចធម្មតានោះទេ តែវាប្រៀបបានទៅនឹងការវិនិយោគលើអនាគតប្រទេសជាតិយើងទាំងមូលផងដែរ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមបណ្ឌិតអនុរដ្ឋលេខាធិការបានបន្តលើកកម្ពស់ការបណ្ដុះបណ្ដាល និងពង្រឹងនូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន ការរៀបចំឱ្យមាននូវការអប់រំជាក់លាក់ ប្រព័ន្ធរាយការណ៍ច្បាស់លាស់ និងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយអ្នកពាក់ព័ន្ធទាំងអស់ផងដែរ ក្នុងការសម្រេចឱ្យបាននូវទិសដៅនេះ៕

ដោយ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





