ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពានរង្វាន់មហាជនស្រុកតាំងគោក ម្ចាស់ជ័យលាភីលេខ១ បានទៅលើក្រុមដំរីស្នេហ៍ច័ន្ទ
AKP កំពង់ធំ ថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៦--
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់មហាជនស្រុកតាំងគោកដែលបានប្រព្រឹត្តទៅរយៈពេល ៦ ខែបានបិទបញ្ចុប់ការប្រកួតកាលពីរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោកនៅវិទ្យាល័យហ៊ុនសែនតាំងគោក ស្រុកតាំងគោកខេត្តកំពង់ធំ។

ការប្រកួតកីឡាបាល់ទាត់ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ភាតរភាពរវាងអតីតសិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នា ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់ និងវិន័យនៃការប្រកួត ពិសេសគឺចូលរួមលើកស្ទួយវិស័យកីឡាផងដែរ។
លោក ឡុង គីណាល់ បានឱ្យដឹងថា ក្រុមយុវកីឡាករដែលចូលរួមក្នុងការប្រកួតជម្រុះវិលជុំ(ពានរង្វាន់មហាជនស្រុកតាំងគោក)នេះមានចំនួន៧ក្រុម ដែលក្នុងនោះមានកីឡាករសរុបចំនួន២០០នាក់ ប្រតិភូដឹកនាំ-គ្រូបង្វឹក១២នាក់ និងក្រុមអាជ្ញាកណ្ដាល១០នាក់។ក្រុមទាំង៧នោះរួមមាន៖ ១-ក្រុមពង្ររួមមិត្ត, ២-ក្រុមដំរីស្នេហ៍ច័ន្ទ, ៣-ក្រុមអធិរាជសេះស, ៤-ឃាតករចិត្តព្រាន, ៥-ក្រុមយុវជនសូយោង, ៦-ក្រុមតោរោមមាស ,៧-ក្រុមហង្សភ្លើង។ហើយការប្រកួត មានរយៈពេល៦ខែ ចាប់ពីថ្ងៃ១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ ភាគច្រើនគឺប្រកួតនៅថ្ងៃសៅរ៍-អាទិត្យដែលសម្រាកពីការសិក្សានិងការងារក៏ដូចជាថ្ងៃឈប់សម្រាកពេលបុណ្យទានជាដើម។

ក្រុមដែលទទួលបានពាននៅវគ្គផ្តាច់ព្រ័តលេខ១នោះគឺ ក្រុមដំរីស្នេហ៍ច័ន្ទ លេខ២ ក្រុមឃាតករចិត្តព្រាន និងលេខ៣ ក្រុមពង្ររួមមិត្ត។លោក
ហាក់ ម៉ុងហួតបានបញ្ជាក់ថាការផ្ដួចផ្ដើមដំបូង និងការគាំទ្រចំពោះការប្រកួតកីឡាបាល់ទាត់លក្ខណៈមិត្តភាពនេះក្រៅពីចូលរួមលើកស្ទួយវិស័យកីឡានៅមូលដ្ឋាន ព្រឹត្តិការណ៍នេះក៏ជាឱកាសជួបជុំរវាងអតីតសិស្សវិទ្យាល័យ សិស្សវិទ្យាល័យ ក៏ដូចជាបណ្ដាយុវជនដែលជាមិត្តភក្តិនឹងគ្នាមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាព ពង្រឹងនិងបង្កើនបទពិសោធន៍ ពង្រីកការយល់ដឹងពីច្បាប់និងវិន័យនៃការលេងកីឡាបាល់ទាត់។
ក្នុងឱកាសនោះលោកហាក់ ម៉ុងហួតអភិបាលស្រុកតាំងគោក ក៏បានអំពាវនាវលើកទឹកចិត្តដល់សិស្សានុសិស្ស-យុវជននៅស្រុកតាំងគោកក៏ដូចជានៅស្រុកភូមិដទៃ សូមចូលរួមលេងនិងលើកស្ទួយវិស័យកីឡាឱ្យបានសកម្មផុសផុល តាមរយៈកម្មវិធីសិក្សាក្ដី ការធ្វើលំហាត់ប្រាណក្ដី ឬក៏ការជួបជុំចូលរួមលេងក្នុងទីលានក្ដី ដើម្បីចៀសឆ្ងាយពីគ្រឿងញៀន ឬអំពើអបាយមុខផ្សេងៗ។

ការលេងកីឡា តួយ៉ាងដូចជាកីឡាបាល់ទាត់នេះ គឺនាំមកនូវសុខភាពរាយកាយនិងបញ្ញា បង្កើនស្មារតីសហការជាក្រុម បង្កើនបទពិសោធន៍ និងទំនាក់ទំនងល្អប្រកបដោយមិត្តភាព សាមគ្គីភាព ភាតរភាព (ភាពជាបងប្អូន)។
ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៦ខែ ដោយគិតចាប់ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃ១៦ខែឧសភា ឆ្នាំ២០២៦ និងដោយឈរលើស្មារតី ចេះអធ្យាស្រ័យគ្នា មានសាមគ្គីភាព មិត្តភាព ហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិ្ត បទបញ្ជាបច្ចេកទេសផងនោះ បានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួរជាទីមោទនៈ។លោក ហាក់ ម៉ុងហួត បានកោតសរសើរនិងថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំ ដែលបានខិតខំរៀបចំប្រកួតកីឡាបាល់ទាត់"ពានរង្វាន់មហាជនស្រុកតាំងគោក"នេះឡើង រហូតទាល់បិទបញ្ចប់វគ្គផ្តាច់ព្រ័តនេះលើទឹកដីស្រុកតាំងគោក ខណៈកន្លងទៅក៏មានការប្រកួតកម្រិតថ្នាក់ស្រុកជាច្រើនលើកមកហើយដែរ៕
ដោយ ស៊ុម វណ្ណា





