រយៈពេល២ថ្ងៃ ស្នងការដ្ឋាននគរបាលខេត្តកែបទទួលថវិកាជិត១ម៉ឺនដុល្លារ រួមទាំងសម្ភារ និងគ្រឿងបរិភោគពីសប្បុរសជនជំនួយដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋភៀសសឹក
AKP កែប ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥--
គិតចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប រួមជាមួយស្នងការរង និងមន្ត្រីកងកម្លាំងនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្ត បានទទួលសម្ភារ គ្រឿងឧបភោគបរិភោគមួយចំនួន រួមទាំងសម្លៀកបំពាក់ពីសប្បុរសជនដែលចូលរួមឧបត្ថម្ភដល់ស្នងការដ្ឋាននគរបាលខេត្តកែប ដើម្បីរៀបចំដឹកនាំជញ្ជូនយកទៅជំនួយដល់កងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋ ដែលបានភៀសសឹកមកស្នាក់នៅទីទួលសុវត្ថិភាព ក្នុងនោះថវិកាដែលទទួលបានមានចំនួន៩,៦៣២ដុល្លារ។

ចំពោះសម្ភារ គ្រឿងឧបភោគបរិភោគ និងថវិកាទាំងអស់ ដែលបានមកពីការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់បងប្អូន កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកែប អាជីវករ ប្រជាពលរដ្ឋក្នុងនិងក្រៅប្រទេស សិស្សានុសិស្ស និងជនជាតិបរទេសនោះ ស្នងការដ្ឋាននគរបាលខេត្តកែបនឹងនាំយកទៅចែកជូនវីរកងទ័ពជួរមុខ និងបងប្អូនប្រជាពលរដ្ឋដែលភៀសសឹកនាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ បានបញ្ជាក់ឱ្យដឹងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ថា ក្នុងនាមថ្នាក់ដឹកនាំស្នងការនគរបាលខេត្តកែប សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនជាសប្បុរសជនទាំងអស់ ដែលបានចំណាយថវិកា សម្ភារ និងគ្រឿងឧបភោគបរិភោគ ជួយគ្នាក្នុងគ្រាជួបទុក្ខលំបាកនាពេលនេះ។ សប្បុរសជននៅតែអាចបន្តចូលរួមបរិច្ចាគ តាមរយ:គណនីធនាគាររបស់លោកផ្ទាល់៕

ដោយ ប្រាក់ លាង





