កិច្ចប្រជុំសម្រាប់ការធ្វើបទបង្ហាញស្តីពីប្រព័ន្ធទិន្នន័យតាមដានថវិកាឃុំ/សង្កាត់
AKP ភ្នំពេញ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៥--
ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥នេះ បានដឹកនាំកិច្ចប្រជុំសម្រាប់ការធ្វើបទបង្ហាញស្តីពីប្រព័ន្ធទិន្នន័យតាមដានថវិកាឃុំ/សង្កាត់ ដែលមានការចូលរួមពីអគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន តំណាងអង្គការយូនីសេហ្វ និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានរដ្ឋបាលសរុបចំនួន៣០រូប។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្តាប់នូវបទបង្ហាញស្តីពីប្រព័ន្ធតាមដានថវិកាឃុំ/សង្កាត់ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងអង្គការយូនីសេហ្វ។

ក្នុងឱកាសនេះ ឯកឧត្តមអគ្គនាយកបានថ្លែងកោតសរសើរដល់សហការីនៃនាយកដ្ឋានកិច្ចការរដ្ឋបាល ក្រុង ស្រុក ឃុំ សង្កាត់ ជាសេនាធិការឱ្យអគ្គនាយកដ្ឋានរដ្ឋបាល ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការយូនីសេហ្វនៅក្នុងដំណើរការរៀបចំប្រព័ន្ធតាមដានថវិកាឃុំ/សង្កាត់ឱ្យសម្រេចបានតាមលទ្ធផលរំពឹងទុក។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណដល់អង្គការយូនីសេហ្វ ដែលតែងតែជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និយាយជារួម និងគាំទ្រដល់ក្រសួងមហាផ្ទៃ និយាយដោយឡែក ដើម្បីរួមចំណែកដល់ការអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ជាពិសេសលើការលើកកម្ពស់អភិបាលកិច្ចល្អនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។

សូមជម្រាបជូនថា អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានសហការជាមួយអង្គការយូនីសេហ្វ ក្រោមក្របខ័ណ្ឌអភិក្រមថ្មីគឺ «អភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ» ដែលជាផ្នែកមួយនៃកម្មវិធីសហប្រតិបត្តិការថ្មីរវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ឆ្នាំ២០២៤-២០២៨ ដើម្បីរៀបចំប្រព័ន្ធតាមដានលើការត្រួតពិនិត្យអំពីការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការរៀបចំ និងអនុម័តថវិកាឃុំ/សង្កាត់ ស្របតាមស្មារតីសេចក្តីណែនាំលេខ០២៥ របស់ក្រសួងមហាផ្ទៃ និងការរីកចម្រើនផ្នែកឌីជីថល ក្នុងការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាទិភាពគន្លឹះទី៥ ទៅតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





