អភិបាលក្រុងព្រះសីហនុនាំយកអំណោយឧបត្ថមជូនកងទ័ពទិសប្រាសាទព្រះវិហារ
AKP ព្រះសីហនុ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥--លោក សរ កក្កដា អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានដឹកនាំប្រតិភូសាលាក្រុងព្រះសីហនុ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមកប្រគល់ជូនបញ្ជាការដ្ឋានអង្គរក្សប្រចាំការទិសទី១ ប្រាសាទព្រះវិហារ (95) តាមរយៈភស្តុភារហិរញ្ញវត្ថុ អង្គភាពអាវុធគាំទ្រទី១ BM21 ទិសប្រាសាទព្រះវិហារ និងវីរកងទ័ពជួរមុខ ព្រមទាំងជនភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ នៅខេត្តព្រះវិហារ។

ក្នុងឱកាសនោះ លោក សរ កក្កដា មានប្រសាសន៍សំណេះសំណាលជាមួយបញ្ជាការដ្ឋានអង្គរក្សប្រចាំការទិសទី១ ប្រាសាទព្រះវិហារ (95) តាមរយៈភស្តុភារហិរញ្ញវត្ថុ អង្គភាពអាវុធគាំទ្រទី១ BM21 ទិសប្រាសាទព្រះវិហារ និងរដ្ឋបាលខេត្តព្រះវិហារ ដោយគូសបញ្ជាក់ថា ជំនួសឱ្យមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្រុងព្រះសីហនុ ដែលបានចូលរួមឧបត្ថម្ភតាមរយៈសាលាក្រុងព្រះសីហនុ លោកបានយកអំណោយមកធ្វើការចែកជូនបងៗវីរភាពកងទ័ពដែលប្រចាំការនៅតាមខ្សែបន្ទាត់ជួរមុខ និងជនភៀសសឹករបស់យើង ជាពិសេសនៅក្នុងក្រុងព្រះវិហារនេះ។

លោកអភិបាលក្រុងក៏បានបញ្ជាក់ថា អំណោយទាំងអស់នេះគឺជាការចូលរួមរបស់សប្បុរសជនតាមរយៈការអំពាវនាវរបស់សាលាក្រុងព្រះសីហនុ ហើយសម្ភារទាំងអស់នេះមានច្រើនមុខ ច្រើនប្រភេទដូចជា គ្រឿងឧបភោគ បរិភោគ ថវិកា និងសម្ភារប្រើប្រាស់មួយចំនួនទៅតាមតម្រូវការជាក់ស្តែង ក៏ដូចជាការស្នើសុំរបស់អង្គភាពដែលមានតម្រូវការខ្វះខាតសម្ភារប្រើប្រាស់ សម្ភារទាំងនេះបានមកពីការអំពាវនាវរបស់រដ្ឋបាលក្រុងព្រះសីហនុ និងរដ្ឋបាលខេត្តព្រះសីហនុ ក្នុងនាមសមរភូមិក្រោយជួយដល់សមរភូមិមុខ ហើយអំណោយទាំងអស់នេះ យើងយកមកប្រគល់ដល់ដៃបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនោះ រដ្ឋបាលក្រុងនឹងព្យាយាមកៀរគរបន្ថែមទៀតនូវអ្វីដែលខ្វះខាត ដើម្បីធ្វើយ៉ាងណាឧបត្ថម្ភដល់ដៃវីរយុទ្ធជនរបស់យើង។

លោក វរសេនីយ៍ឯក ថុក គឹមសេង បានថ្លែងអំណគុណដល់លោកអភិបាលក្រុង ក៏ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនសប្បុរសជន ដែលបាននាំយកសម្ភារ និងថវិកាជូនដល់បញ្ជាការដ្ឋានអង្គរក្សប្រចាំការទិសទី១ ប្រាសាទព្រះវិហារ (95) តាមរយៈភស្តុភារហិរញ្ញវត្ថុ អង្គភាពអាវុធគាំទ្រទី១ BM21 ទិសប្រាសាទព្រះវិហារ និងអាជ្ញាធរខេត្តព្រះវិហារ សម្រាប់ចែកជូនបន្តដល់វីរយុទ្ធជន និងជនភៀសសឹករបស់យើងដែលកំពុងមានការខ្វះខាត ព្រោះសមរភូមិមុខ និងសមរភូមិក្រោយតែងតែនៅជិត និងជួយគ្នាទៅវិញទៅមក។ ម្យ៉ាងទៀតអំណោយទាំងអស់នេះគឺជាទឹកចិត្តសាមគ្គីខ្មែរជួយខ្មែរ និងសូមសន្យាចំពោះនាយ នាយរង និងពលទាហានទាំងអស់ថា យើងនឹងខិតខំការពារ ដោយបូជាសាច់ស្រស់ ឈាមស្រស់ការពារបូរណភាពទឹកដីមិនឱ្យសត្រូវរំលោភបំពានបានឡើយ។

ក្នុងឱកាសនោះ លោក សរ កក្កដា អភិបាលក្រុងព្រះសីហនុ ក៏បានធ្វើការប្រគល់អំណោយមនុស្សធម៌ជាគ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ និងថវិកាជូនដល់បញ្ជាការដ្ឋានអង្គរក្ស អង្គភាពអាវុធគាំទ្រទី១ BM21 និងរដ្ឋបាលខេត្តព្រះវិហារ ប្រកបដោយភាពស្និទ្ធស្នាល៕
ដោយ ងូ សុមុនី





