អភិបាលស្រុកព្រះនេត្រព្រះ ដឹកនាំក្រុមការងារចុះដោះស្រាយបញ្ហាទឹកជូនពលរដ្ឋនៅឃុំទឹកជោរ ឆ្លើយតបតាមតម្រូវការចាំបាច់ក្នុងវិស័យកសិកម្ម
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦--
ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការយ៉ាងទទូចរបស់ប្រជាពលរដ្ឋ អាជ្ញាធរស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បាននិងកំពុងបន្តការយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញការស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រនៅតាមមូលដ្ឋាន សម្រាប់បម្រើដល់វិស័យកសិកម្ម ដែលជាប្រភពចំណូលចម្បងរបស់ប្រជាកសិករ។

ជាក់ស្តែង កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នេះ លោក ហឿន វីរៈ អភិបាលនៃគណៈអភិបាលស្រុកព្រះនេត្រព្រះ បានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធ សហការជាមួយមន្ត្រីបច្ចេកទេសថ្នាក់ខេត្ត ចុះពិនិត្យ និងតាមដានការអនុវត្តដំណោះស្រាយបញ្ហាទឹក ស្ថិតនៅក្នុងភូមិស្មាច់ និងភូមិតាខែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ។
ក្នុងឱកាសចុះពិនិត្យការដ្ឋានផ្ទាល់នោះ លោក ហឿន វីរៈ បានមានប្រសាសន៍សង្កត់ធ្ងន់ថា យើងត្រូវតែរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា ជាពិសេសបញ្ហាទឹកនេះតែម្តង ដើម្បីធានាបាននូវភាពសុខសាន្ត និងបង្កើនជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
លោកអភិបាលស្រុកបានបន្តថា សកម្មភាពចុះជម្រុញ និងដោះស្រាយបញ្ហាប្រព័ន្ធធារាសាស្ត្រនាពេលនេះ គឺបានស្តែងឱ្យឃើញយ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋាន រួមសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលតែងតែនៅកៀកកិត និងដឹងសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

ឆ្លងតាមការពិនិត្យជាក់ស្តែង ក្រុមការងារបច្ចេកទេសខេត្ត និងស្រុក បានធ្វើការវាយតម្លៃ និងរៀបចំផែនការសកម្មភាពច្បាស់លាស់ ដើម្បីធានាថាការស្តារ និងកសាងប្រព័ន្ធទឹកនៅក្នុងឃុំទឹកជោរនេះ នឹងអាចដំណើរការទៅបានដោយរលូន អាចនាំទឹកទៅស្រោចស្រពផ្ទៃដីកសិកម្មបានទាន់ពេលវេលា ជាពិសេសការត្រៀមលក្ខណៈសម្រាប់រដូវបង្កបង្កើនផលដែលកំពុងចូលមកដល់។
ប្រជាពលរដ្ឋនៅក្នុងភូមិស្មាច់ និងភូមិតាខែក ឃុំទឹកជោរ បានសម្តែងនូវក្តីត្រេកអរជាអនេក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលស្រុក ក្រុមការងារបច្ចេកទេស និងរាជរដ្ឋាភិបាល ដែលមិនបោះបង់ពលរដ្ឋចោល និងបានចុះមកដោះស្រាយបញ្ហាប្រឈមធំៗបានទាន់ពេលវេលា ដែលនេះជាការផ្តល់ក្តីសង្ឃឹមយ៉ាងមុតមាំសម្រាប់ទិន្នផលកសិកម្មរបស់ពួកគាត់នៅរដូវកាលនេះ៕
ដោយ ឈុន សារ៉ាត





