ប្រជាជនភៀសសឹកជម្លៀសចេញពីតំបន់សមរភូមិមកទីតាំងសុវត្ថិភាពនៅខេត្តសៀមរាប មានជាង៥ម៉ឺននាក់ហើយ
AKP សៀមរាប ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប បានបង្ហាញថា នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដោយគិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ដល់ ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៥នេះ ក្រុមការងារសម្របសម្រួលប្រជាជនជម្លៀសចេញពីតំបន់សមរភូមិ បានសម្របសម្រួលជនភៀសសឹក ទទួលប្រជាជនភៀសសឹកជម្លៀសមកស្នាក់ទីតាំងសុវត្ថិភាពក្នុងខេត្តសៀមរាប មានចំនួន ១៤ ៨១២គ្រួសារ ស្មើនឹងចំនួន ៥០ ៦៣០នាក់ ស្រី ២៨ ៨២៦នាក់ ដែលនៅតាមទីតាំងសុវត្ថិភាពរៀបចំដោយរដ្ឋបាលក្រុង/ស្រុកសរុប១៣៨ទីតាំង និងតាមផ្ទះប្រជាពលរដ្ឋ។

ជាមួយគ្នានេះ រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក បានទទួលអំណោយពីសប្បុរសជន និងបានយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកកំពុងស្នាក់នៅតាមទីតាំងសុវត្ថិភាពដែលរៀបចំ ដោយរដ្ឋបាលក្រុង ស្រុកទីវត្តអារាម និងផ្ទះសម្បែងប្រជាពលរដ្ឋ។ បន្តកៀរគរសប្បុរសជន និងបែងចែកធនធាន ដើម្បីឧបត្ថម្ភគាំទ្រលើជំនួយមនុស្សធម៌ ដូចជា ជម្រក សន្តិសុខ ស្បៀង អនាម័យ ទឹកស្អាត សេវាសុខាភិបាល និងសេវាអប់រំ បណ្តោះអាសន្ន។ ពិនិត្យលទ្ធភាពស្វែងរកថវិកាគាំទ្រលើការចំណាយថ្លៃភ្លើងអគ្គិសនីជូនគណៈកម្មការវត្តរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរជំនាញសម្របសម្រួលជាមួយសាលារៀន ដើម្បីឱ្យកុមារ និងយុវជន បន្តការសិក្សាបណ្តោះអាសន្ន៕




ដោយ ឃុត សៅ





