បើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាពយុវជន U15 ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦--
ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាពយុវជនក្រោមអាយុ ១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៦ (SIP Champions Leauge 2026) ត្រូវបានប្រកាសបើកជាផ្លូវការ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦ នៅទីលានបាល់ទាត់ LBN Sports Club ក្រោមគំនិតផ្តួចផ្តើមដោយលោក រិទ្ធ ឌីកា ប្រធានបច្ចេកទេសក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង និងជាប្រធានក្លឹបបាល់ទាត់វ័យចាស់ក្រុមបាល់ទាត់វ័យចាស់ K8 Football Team ដោយមានការឧបត្ថម្ភពានរង្វាន់ដោយលោកស្រី ហេង ផល្លី នាយិកាក្រុមហ៊ុន ឡុងម៉ា អ៊ិនវេស & រៀលអ៊ីស្ទេត។

ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៦ មានក្រុមចំនួន ៥ រួមមាន ក្រុមបាល់ទាត់ព្រះគណេ សមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទ ក្រុមបាល់ទាត់នគររាជ (ក) ក្រុមបាល់ទាត់នគររាជ (ខ) និងក្រុមបាល់ទាត់អនាគតនៃបាល់ទាត់។ ក្នុងឱកាសពិធីបើកជាផ្លូវការនេះ ក្រុមបាល់ទាត់ព្រះគណេសបានត្រឹមស្មើជាមួយសមាគកងយោធពលខេមរភូមិន្ទក្នុងលទ្ធផល ២-២។

បើតាមការឱ្យដឹងពីអ្នករៀបចំបានឱ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់កីឡាក្នុងសន្តិភាព យុវជនក្រោមអាយុ ១៥ឆ្នាំ លើកទី១ ឆ្នាំ២០២៦ត្រូវបានធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍធនធានកីឡាករបាល់ទាត់វ័យក្មេងកម្ពុជា និងផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងបានលេងកីឡាទំាងអស់ ដោយផ្តោតទៅលើសុខភាព សាមគ្គីភាព មិត្តភាព រវាងយុវជន និងយុវជនផងដែរ៕

ដោយ ហេង ណាលីន





