ប្រធានស្តីទីសហព័ន្ធហាប់គីដូអំពាវនាវដល់កុមារ យុវជនចូលរួមហ្វឹកហាត់កីឡា ដើម្បីសុខភាពរឹងមាំ និងអាចក្លាយជាធនធានតំណាងជាតិ នាថ្ងៃអនាគត
AKP ភ្នំពេញ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦--
លោក គួច ហុងជៀក ប្រធានស្តីទីសហព័ន្ធខ្មែរកីឡាហាប់គីដូ បានក្រើនរម្លឹកដល់កុមារ ក៏ដូចជាយុវជនជំនាន់ក្រោយ ដែលមានបំណងចង់ចេះក្បាច់គុនការពារខ្លួនឱ្យមានចិត្តអត់ធ្មត់ និងលះបង់ពេលវេលាមកហ្វឹកហាត់កីឡា ព្រោះការចេះចាំមិនអាចកើតឡើងក្នុងរយៈពេលមួយថ្ងៃនោះឡើយ។

ការលើកឡើងនេះរបស់ប្រធានស្តីទីបានធ្វើឡើង នៅក្នុងឱកាសដែលលោកប្រធានស្តីទីបានអញ្ជើញជួបសំណេះសំណាល និងបើកក្លឹបកីឡាហាប់គីដូថ្មី នៅក្នុងសាលាស្មាតស្តាតអន្តរជាតិ ស្ថិតនៅភូមិ បារាជ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក គង់ ចាន់ធីណា អគ្គលេខាធិការ សហព័ន្ធ និងលោកស្រី ញាណ ណាង ម្ចាស់សាលា លោក ស៊ាន ចាន់គ្រឹស្នា នាយកសាលាស្មាតស្តាតអន្តរជាតិ។

លោក គួច ហុងជៀក បានលើកទឹកចិត្ត និងទទូចដល់ក្មួយៗសិស្សានុសិស្សឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និងឆ្លៀតពេលទំនេរពីការសិក្សាគួរយកពេលវេលាមកចូលរួមហាត់កីឡាហាប់គីដូ ដែលកីឡានេះមិនមែនត្រឹមតែជួយឱ្យរាងកាយមាំមួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយបញ្ញាស្មារតីមានភាពវាងវៃល្អប្រសើជាងការមិនបានហាត់កីឡា។ ក្នុងចំណោមកីឡាទាំងអស់មិនថាកីឡាអ្វីក៏ដោយសុទ្ធតែមានសារៈសំខាន់ ប៉ុន្តែសម្រាប់ការហាត់កីឡាហាប់គីដូអាចជួយឱ្យរាងកាយរឹងមាំហើយ អាចយកមកការពារខ្លួនបានទៀត ព្រោះកីឡានេះជាក្បាច់គុនដែលអាចឱ្យក្មួយៗយកមកការពារខ្លួនបានពេលជួបគ្រោះអាសន្នផងដែរ។
បន្ទាប់ពីមានការសម្តែងបង្ហាញក្បាច់គុនយ៉ាងរស់រវើក ដូចជាការហក់លោត ទាត់ និងធាក់ពីក្រុមកីឡាករមកពីសហព័ន្ធនេះ លោកប្រធានស្តីទីក៏បានលើកទឹកចិត្តដល់សិស្សានុសិស្ស ដើម្បីកុំឱ្យមានការយល់ច្រឡំលើការហ្វឹកហាត់ការសម្តែងរបស់ក្រុមកីឡាករសហព័ន្ធដែលជាបងៗនៅថ្ងៃនេះ ដែលការលោតធាក់ទាត់អីជាដើម។ សកម្មភាពបង្ហាញនេះគឺគ្រាន់តែជាការសម្តែងឱ្យប្អូនៗមើលប៉ុណ្ណោះ។ ដូច្នេះប្រសិនបើប្អូនៗដែលមានបំណងចង់ចូលរួមហ្វឹកហាត់ យើងត្រូវចាប់ផ្តើមពីជំហានដំបូង មិនមែនឃើញគេអាចហក់ទាត់ធាក់បាន យើងអាចធ្វើបានដូចគេភ្លាមៗនោះទេ អ្វីក៏ដោយក៏ត្រូវតែចាប់ផ្តើមពីដំបូងផងដែរ។

ជាមួយគ្នានេះ លោក គួច ហុងជៀក បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈការបើកក្លឹបកីឡាហាប់គីដូនៅក្នុងសាលាស្មាតស្តាតអន្តរជាតិនេះនឹងជួយដុសខាត់យុវជនថ្នាលដែលជាទំពាំងស្នងឫស្សីឱ្យក្លាយជាធនធានបន្តវេនដ៏រឹងមាំ ក្នុងការតំណាងឱ្យសហព័ន្ធ និងប្រទេសជាតិ ចេញទៅប្រកួតលើកមុខមាត់ជាតិនៅលើឆាកអន្តរជាតិ នាថ្ងៃអនាគត។ នេះជាក្លឹបទីពីរហើយដែលសហព័ន្ធបានបង្កើតឡើងនៅតាមសាលារៀន ដោយក្លឹបទីមួយស្ថិតនៅសាលាបាក់ទូក។ សហព័ន្ធក៏មានចក្ខុវិស័យវែងឆ្ងាយ ក្នុងការបញ្ជ្រាបប្រភេទកីឡាហាប់គីដូនេះទៅកាន់សាលារៀនផ្សេងៗជាច្រើនទៀត ដោយនឹងបញ្ជូនគ្រូបង្វឹកមានជំនាញច្បាស់លាស់ពីសហព័ន្ធទៅបង្ហាត់បង្រៀនផ្ទាល់តែម្តង។
ជាមួយគ្នានេះ លោក ស៊ាន ចាន់គ្រឹស្នា នាយកសាលាស្មាតស្តាតអន្តរជាតិ ដែលជាសិស្សគុនហាប់គីដូជិត២០ឆ្នាំផងនោះក៏បានអំពាវនាវដល់អាណាព្យាបាល និងសិស្សានុសិស្ស យុវជន ដែលរស់នៅក្រុងអរិយក្សត្រ ឬនៅទីតាំងផ្សេងៗអាចមកចុះឈ្មោះចូលរួមហ្វឹកហាត់កីឡាហាប់គីដូ នៅក្លឹបរបស់លោកបាន ដើម្បីបង្កើននូវសុខភាព មិត្តភាព សាមគ្គីភាព និងចេះស្នៀតគុនច្បាស់លាស់ពីគ្រូជំនាញផងដែរ៕
ដោយ ហេង ណាលីន





