ប្រជាពលរដ្ឋខេត្តកំពង់ស្ពឺបន្តរួមសាមគ្គីឧបត្ថមម្ភដល់កងទ័ពជួរមុខ និងជនភៀសសឹក
AKP កំពង់ស្ពឺ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥-- តបតាមការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ រហូតមកដល់ថ្ងែទី២៨ ខែកក្កដា ឆ្នាំ២០២៥ មានបងប្អូនគ្រប់មជ្ឈដ្ឋានយ៉ាងច្រើនកុះករ បានបន្តចូលរួមឧបត្ថម្ភ គ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ និងជាថវិកា ជូនដល់កងកម្លាំងគ្រប់ប្រភេទនៅជួរមុខ និងប្រជាពលរដ្ឋភៀសសឹក តាមការរយៈរដ្ឋបាលខេត្តកំពង់ស្ពឺ។

នៅក្នុងបរិវេណវិមានឯករាជ្យខេត្តកំពង់ស្ពឺ ដោយឈរចាំទទួលអំណោយមនុស្សធម៌ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងអំណរគុណទៅដល់សប្បុរសជន ព្រះសង្ឃ និងប្រជាពលរដ្ឋ ដែលបាននាំអំណោយគ្រឿងឧបភោគបរិភោគ សម្ភារ និងថវិកា សម្រាប់គាំទ្រ ដល់កងទ័ពជួរមុខក្នុងការបំពេញភារកិច្ចការពារទឹកដី និងជនភៀសសឹកនៅតាមតំបន់សុវត្ថិភាព។ អំណោយនេះថ្វីត្បិតតែវាបន្តិចបន្តួច តែកើតចេញពីស្មារតីចែករំលែករបស់យុវជន ព្រះសង្ឃនិងពលរដ្ឋខ្មែរដែលតែងតែគិតគូរពីការរស់នៅ និងជីវភាពរបស់ពូៗបងប្អូនជាវីរកងទ័ពដែលកំពុង ឈរជើងការពារព្រំដែន។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា វីរកងទ័ពជួរមុខរបស់យើងជាសសរគ្រឹះការពារទឹកដីដ៏រឹងមាំ ដោយពួកគាត់បានលះបង់ កម្លាំងកាយចិត្ត ព្រមទាំងអាយុជីវិតដើម្បីការពារមាតុភូមិ និងភាពសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។ ដូច្នេះសម្រាប់យើងជាអ្នកនៅសមរភូមិក្រោយ សូមលើកទឹកចិត្តដល់កងទ័ពជួរមុខរបស់យើងមិននៅឯកោនោះទេ គឺមានប្រជាពលរដ្ឋកម្ពុជារាប់លាននាក់បាននិងកំពុងផ្ដល់នូវការលើកទឹកចិត្ត និងផ្ដល់ជាស្បៀងអាហារមិនឱ្យខ្វះខាតឡើយ និងសូមជូនពរឱ្យកងទ័ពជួរមុខរបស់យើង ជួបតែសេចក្តីសុខ ជោគជ័យ យកឈ្នះលើសត្រូវឈ្លានពាន៕


ដោយ លឹម សាន្ត





