អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាថ្លែងបញ្ជាក់ថា កងទ័ពរបស់យើងកំពុងតែឈរជើង នៅទីតាំងដដែល និងរឹងមាំពុំមានអ្វីប្រែប្រួលសោះឡើយ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ ២០២៥ -- លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានថ្លែងបញ្ជាក់ថា ក្នុងការប្រយុទ្ធតតាំងជាមួយកងទ័ពឈា្លនពានសៀម រហូតមកដល់ពេលនេះគឺកងទ័ពកម្ពុជានៅតែឈរជើងលើទីតាំងរបស់ខ្លួនយ៉ាងរឹងមាំ និងមិនមានអ្វីប្រែប្រួលនោះទេ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានពាក់ព័ន្ធស្ថានការណ៍នៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យភាពកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានគូសបញ្ជាក់ថា៖ «គិតមកដល់ត្រឹមម៉ោង ១១ ថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៥នេះសភាពការណ៍កងកម្លាំងឈរជើងរបស់យើងនៅទីតាំងដដែលមិនមានអ្វីប្រែប្រួលនោះឡើយ។ ប៉ុន្តែភាពតានតឹងដោយភាគីថៃដែលធ្វើការចល័តកងទ័ពនៅព្រំដែនទឹកក្នុងនេះនៅកោះគុត កោះឆាង ដោយពួកគេបានចល័តនាវា៤គ្រឿង ហើយបើសរុបទាំងអស់ចំនួន ៨ គ្រឿង»។ លោកជំទាវឧត្តមសេនីយ៍ឯកបានជម្រាបជូនផងដែរថា សភាពការណ៍តាមព្រំដែនមានសភាពតានតឹងជាបន្តបន្ទាប់ ដោយក្នុងនោះកងទ័ពឈ្លា្លនពានថៃចេះតែរំលោភបំពាន និង វាយប្រហារមកលើអធិតតេយ្យភាពកម្ពុជា ដូចជា ចាប់ពីម៉ោង៥៖០០នាទី ព្រឹកថ្ងៃទី ២៦ ខែ កក្កដា ឆ្នាំ ២០២៦ ក្នុងទិសទីមួយនៃភូមិភាគទី៤ គឺមាននៅតំបន់ចាក់ច្រែង វាលឥន្រ្ទី តាថាវ ភ្នំខ្មោច ជាំតែ និងអានសេះ ថៃបានបាញ់ផ្លោង និង វាយប្រហារមកលើកងទ័ពកម្ពុជា។ ចំពោះទិសទី៣ មិនមានអ្វីប្រែប្រួលឡើយ។
លោកជំទាវឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានបន្ថែមថា សម្រាប់ទីតាំងទី២នៅខេត្តពោធ៍សាត់ ចាប់តាំងតែពីម៉ោង៥៖ ០២នាទី មក ភាគីថៃបានបាញ់ប្រហារមកលើភាគីកម្ពុជា ហើយមកទល់ពេលនេះថៃនៅតែបន្តផ្លោង ចូលទឹកដីកម្ពុជា។ ទោះបីយ៉ាងណាមកដល់ម៉ោងនេះបើតាមការបញ្ជាក់ពីកងទ័ពជួរមុខឃើញថាតំបន់មួយនេះក៏បានស្ងប់ស្ងាត់ទៅវិញហើយ ។ លោកជំទាវឧត្តមសេនីយ៍ឯកបានបន្តឱ្យដឹងថា ចំពោះខេត្តបន្ទាយមានជ័យ មិនទាន់មានការផ្ទុះ ឬក៏បាញ់ផ្លោងអាវុធដាក់គ្នានោះទេ រវាងកងទ័ពទាំងពីរ ប៉ុន្តែសកម្មភាពទន្រ្តាន ការគំរាមកំហែងរបស់ភាគីថៃមកលើកម្ពុជានោះគឺជាការរំលោភបំពានកិច្ចព្រមព្រៀង MOU ឆ្នាំ២០០០ ដែលបានឯកភាពគ្នានាពេលកន្លងមក។
ជាមួយគ្នានេះដែរ លោកជំទាវឧត្តមសេនីយ៍ឯក និងជាអ្នកនាំពាក្យក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា៖ «ទង្វើប្រកបដោយអរិយភាពរបស់ថៃនេះ ពួកគេបានបង្កឡើងចាប់តាំងតែពីនៅតំបន់ប្រសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ភ្នំទ្រព្យ និងតំបន់ផ្សេងៗទៀតនៃព្រំដែនកម្ពុជា ដែលជាព្រំដែនអន្តរជាតិទទួលស្គាល់។ទាំងនេះ គឺជាការរំលោភបំពានលើដែនអធិបតេយ្យភាពកម្ពុជា និងជាការំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ានផងដែរ»៕
ដោយ៖ មករា





