U23 កម្ពុជា តាមស្មើក្រុមឡាវ ១-១ វគ្គជម្រុះ ASEAN U-23 Mandiri Cup 2025
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥--ក្រុមយុវជនក្រោម២៣ឆ្នាំរបស់កម្ពុជាធ្វើសម្រេចបាន១គ្រាប់តាមស្មើជាមួយក្រុមឡាវ នៅដើមវគ្គទី២ ដោយក្រុមទាំងពីរចែកគ្នាម្នាក់១ពិន្ទុ ក្នុងវគ្គសន្សំពិន្ទុពូល B កាលពីល្ងាចថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ នៅកីឡដ្ឋាន Patriot Stadium នៃពានរង្វាន់ជើងឯកអាស៊ាន (ASEAN U-23 Mandiri Cup 2025) នៅប្រទេសឥណ្ឌូណេស៊ី។

នៅក្នុងការប្រកួតដ៏តានតឹងនេះ ក្រុមU23 ឡាវ បានបើកការនាំមុខលើក្រុមU23 កម្ពុជា តាំងពីនាទី១៨ ដែលធ្វើសម្រេចដោយកីឡាករ Panyavong។ ចូលវគ្គទី២ ក្រុមកម្ពុជាធ្វើសម្រេចបាន១គ្រាប់តាមស្មើ នៅនាទី៥៧ ដោយកីឡាករ ផាត សុខា។ លទ្ធផលស្មើគ្នា ១-១ នេះរក្សាបានរហូតដល់បញ្ចប់ការប្រកួតពេញម៉ោង ៩០នាទី។ ដូច្នេះក្រុមកម្ពុជាទទួលបាន១ពិន្ទុ នៅក្នុងការប្រកួតបើកឆាកនេះ។ សម្រាប់ប្រកួតទី២ ដែលជាប្រកួតចុងក្រោយនៃវគ្គចែកពូលB នេះ គឺក្រុមកម្ពុជាត្រូវប៉ះជាមួយក្រុម U23 វៀតណាម នាវេលាម៉ោង ម៉ោង៨យប់ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥នៅកីឡដ្ឋាន Gelora Bung Karno Stadium។

ក្រុមកម្ពុជាស្ថិតនៅក្នុងពូល B ជាមួយក្រុមឡាវ និងក្រុមវៀតណាម ខណៈការប្រកួត ASEAN U23 Mandiri Championship 2025 ដំណើរការពីថ្ងៃទី១៥-២៩ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី ដោយមាន១០ក្រុមចូលរួមប្រជែងជើងឯក និងចែកជា៣ពូល។ ក្រោយបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល គឺក្រុមចំណាត់ថ្នាក់លេខ១នៃពូលទាំង៣ស្មើនឹង៣ក្រុម និងក្រុមលេខ២ល្អផ្តាច់គេ១ក្រុមនឹងបានឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

គួរបញ្ជាក់ថា ក្រុម U23 កម្ពុជា ដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Koji Gyotoku និងគ្រូជំនួយជាច្រើនរូបមកពីក្លឹបកំពូលកម្ពុជា។ ចំពោះសមាសភាពកីឡាករកម្ពុជាក្រោមអាយុ២៣ឆ្នាំចំនួន២៣នាក់ ក្នុងបញ្ជីប្រមូលផ្តុំហ្វឹកហាត់ត្រូវបានកោះហៅមកពីក្លឹបមួយចំនួន ក្នុងក្របខណ្ឌលីគកំពូលកម្ពុជាដូចជា ក្លឹបវិសាខា ក្លឹបឡាយហ្វខេត្តព្រះសីហនុ ក្លឹបអង្គរថាយហ្គឺរ ក្លឹបទ័ព ក្លឹបណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង អាយអេសអាយដង្កោសែនជ័យ និងមានយុវជនម្នាក់មកពីមជ្ឈមណ្ឌល និងសាលាកីឡាបាល់ទាត់បាទី។ ក្នុងចំណោមសមាសភាព២៣នាក់នេះ គឺមានកីឡាករកូនកាត់ខ្មែរ-នូវែលសេឡង់ម្នាក់ គឺយុវជន លីម លោកាថុង មកពីក្លឹប Auckland United ក្របខណ្ឌលីគកំពូលនៃប្រទេសនូវែលសេឡង់៕


ដោយ ហេង ណាលីន (រូបភាព៖ FFC)





