អភិបាលស្រុកប្រាសាទសំបូរស្នើអាជ្ញាធរភូមិត្រូវក្ដាប់សភាពការណ៍សន្ដិសុខក្នុងមូលដ្ឋានឱ្យបានដើម្បីឆ្លើយទាន់ពេលវេលា
AKP កំពង់ធំ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
លោក ឃីម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ បានស្នើអាជ្ញាធរភូមិត្រូវក្ដាប់សភាពការណ៍សន្តិសុខក្នុងមូលដ្ឋានឱ្យបានដើម្បីឆ្លើយតបបានទាន់ពេលវេលា។ លោកអភិបាលស្រុកបានស្នើដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងអាមេចំនួន២ខ្សែ ស្ថិតក្នុងភូមិតាំងស្ទោង និងភូមិថ្មីឃុំតាំងក្រសៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្ត្រីរាជការសាលាស្រុក កងកម្លាំងទាំងបីអាជ្ញាធរឃុំ-ភូមិ និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ២៥០នាក់។

ក្នុងឱកាសនោះ លោក ឃីម សុខឃាង បានផ្ដាំផ្ញើ និងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធនឹងបញ្ហាសន្តិសុខភូមិ-ឃុំមានសុវត្ថិភាព ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលានូវរាល់ការរាតត្បាតរបស់ជនខិលខូច។ អាជ្ញាធរភូមិត្រូវអនុវត្តវិធានការរួមមាន៖ ១. ត្រូវណែនាំដល់កម្លាំងប្រជាការពារភូមិឱ្យតាមដានរាល់សកម្មភាពរបស់ជនប្លែកមុខដែលចូលមកក្នុងមូលដ្ឋាន។ ២. ដាស់តឿនថាជនខិលខូចមួយចំនួនបានបន្លំខ្លួនក្រោមរូបភាពជាអ្នកលក់ដូរឬអ្នកដើរទិញសម្ភារចាស់ៗ ដែលសកម្មភាពនេះមិនត្រឹមតែបង្កហានិភ័យសន្តិសុខប៉ុណ្ណោះទេប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសអ្នករកស៊ីទទួលទានដោយសុច្ចរិតពិតប្រាកដទៀតផង។ ៣. អាជ្ញាធរត្រូវក្ដាប់ព័ត៌មានឱ្យបានច្បាស់ដើម្បីមានវិធានការទប់ស្កាត់និងបង្ក្រាបបានទាន់ពេលវេលា ធានាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោកអភិបាលស្រុកបានបន្តថា "សន្តិសុខភូមិ-ឃុំ គឺជាកត្តាចម្បងដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដោយភាពកក់ក្ដៅ។ ដូច្នេះ អាជ្ញាធរត្រូវតែរហ័សរហួន និងមានការប្រុងប្រយ័ត្នខ្ពស់បំផុត"។

សូមបញ្ជាក់ថា ផ្លូវបេតុងអាមេដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះគឺជាសមិទ្ធផលថ្មីស្រឡាងសម្រាប់បម្រើផលប្រយោជន៍សាធារណៈចំនួន០២ខ្សែ ប្រវែង៧៥៧ម៉ែត្រទទឹង៦ម៉ែត្រ និងកម្រាស់០,១៥ ម៉ែត្រ ដោយប្រើប្រាស់កញ្ចប់ថវិកាមូលនិធិឃុំឆ្នាំ២០២៥៕
ដោយ ស៊ុម វណ្ណា





