រដ្ឋបាលខេត្តបន្ទាយមានជ័យបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់»
AKP បន្ទាយមានជ័យ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦--
ដើម្បីបន្តជំរុញអភិបាលកិច្ចល្អ និងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែមានភាពច្បាស់លាស់នៅថ្នាក់មូលដ្ឋាន រដ្ឋបាលខេត្តបន្ទាយមានជ័យបានបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រព័ន្ធតាមដានថវិកាឃុំ-សង្កាត់» ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ នៅសាលប្រជុំ (ក) សាលាខេត្ត កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី លោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត គ្រូឧទ្ទេសថ្នាក់ជាតិពីក្រសួងមហាផ្ទៃ គ្រូបង្គោលថ្នាក់ខេត្ត ព្រមទាំងសិក្ខាកាមដែលជាមន្ត្រីពាក់ព័ន្ធមកពីបណ្តាឃុំ-សង្កាត់ទាំង ៦៧ ទូទាំងខេត្ត។

ក្នុងប្រសាសន៍បើកវគ្គបណ្តុះបណ្តាល ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា ការដាក់ឱ្យប្រើប្រាស់ និងការយល់ដឹងច្បាស់អំពី "ប្រព័ន្ធតាមដានថវិកា" គឺជាជំហានដ៏សំខាន់ក្នុងការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ។ ឯកឧត្តមបានលើកឡើងនូវចំណុចគន្លឹះសំខាន់ៗ រួមមានតម្លាភាព និងគណនេយ្យភាព ប្រព័ន្ធនេះនឹងជួយឱ្យការប្រើប្រាស់ថវិកានៅតាមឃុំ-សង្កាត់ អាចតាមដានបានគ្រប់ជ្រុងជ្រោយ កាត់បន្ថយហានិភ័យនៃកំហុសបច្ចេកទេស និងពង្រឹងជំនឿទុកចិត្តពីពលរដ្ឋ។ប្រសិទ្ធភាពការងារ ការប្រើប្រាស់ប្រព័ន្ធឌីជីថលជួយឱ្យមន្ត្រីមូលដ្ឋានសន្សំសំចៃពេលវេលា ងាយស្រួលក្នុង ការបូកសរុបរបាយការណ៍ និងធ្វើការសម្រេចចិត្តលើការចំណាយឱ្យចំគោលដៅអភិវឌ្ឍន៍។ ការអភិវឌ្ឍសមត្ថភាពមន្ត្រី នេះគឺជាឱកាសមាសសម្រាប់មន្ត្រីឃុំ-សង្កាត់ ក្នុងការក្រេបជញ្ជក់ចំណេះដឹងថ្មីៗ ដើម្បីដើរឱ្យទាន់ការវិវត្តនៃបច្ចេកវិទ្យារបស់រាជរដ្ឋាភិបាល។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុំ រាត្រី ក៏បានផ្តល់ការណែនាំដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការឧទ្ទេសនាមរបស់គ្រូបង្គោល និងត្រូវចេះសាកសួរនូវរាល់ចំណុចដែលមិនទាន់ច្បាស់ ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត។

ឯកឧត្តមបានបន្ថែមថា ការគ្រប់គ្រងថវិកាបានល្អ គឺជាគ្រឹះនៃការអភិវឌ្ឍមូលដ្ឋានប្រកបដោយចីរភាព។ បើថវិកាត្រូវបានតាមដាន និងប្រើប្រាស់បានត្រឹមត្រូវ នោះសមិទ្ធផលនឹងធ្លាក់ដល់ដៃប្រជាពលរដ្ឋដោយផ្ទាល់៕
ដោយ ឈុន សារ៉ាត





