រដ្ឋបាលខេត្តកំពង់ស្ពឺបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
AKP កំពង់ស្ពឺ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ -- លោកជំទាវ ឡុង បូណារេត អភិបាលរងនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ របស់គណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដែលរៀបចំឡើងនៅសាលប្រជុំអគាររដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥។

បន្ទាប់ពីបានស្តាប់របាយណ៍ការរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងភាគីពាក់ព័ន្ធរួចមក លោកជំទាវ ឡុង បូណារេត បានកោតសរសើរចំពោះកងកម្លាំងសមត្ថកិច្ច និងគណៈកម្មាធិការត្រួតពិនិត្យការជួញដូរមនុស្សខេត្ត ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែល បានអនុវត្តតាមផែនការប្រៀបសមរភូមិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សប្រចាំឆមាសទី១ ឆ្នាំ២០២៥ ទទួលបានលទ្ធផលល្អ ក្នុងស្រុក-ក្រុងទាំង៩របស់ខេត្តកំពង់ស្ពឺ។
le="text-align:center">
ក្នុងឱកាសនោះ លោកជំទាវបានស្នើឱ្យមានការផ្សព្វផ្សាយច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងផលប៉ះពាល់នៃការធ្វើចំណាកស្រុកដោយប្រថុយប្រថានឱ្យបានទូលំទូលាយដល់គ្រប់ស្រទាប់មហាជនទូទាំងខេត្ត។ ការផ្សព្វផ្សាយបានទូលំទូលាយអំពីរូបភាព សកម្មភាពដែលចាត់ទុកជាអំពើជួញដូរមនុស្ស អំពើកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអនឡាញ ការប្រើអំពើហិង្សា និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន គឺចង់ឱ្យបងប្អូនប្រជាពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ អំពីការជួញដូរមនុស្ស ឬការធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ និងចង់ឱ្យបងប្អូនបានយល់ពីរបៀបនៃទប់ស្កាត់ ការការពារខ្លួន និងស្វែងរកកិច្ចអន្តរាគមន៍ សេវាជួយសង្គ្រោះ ជំនួយផ្លូវច្បាប់ពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនានា។
le="text-align:center">
ទន្ទឹមនឹងនេះ លោកជំទាវអភិបាលរងខេត្តបានជំរុញឱ្យអាជ្ញាធរគ្រប់ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ត្រូវត្រៀមទទួលស្វាគមន៍ និងចុះសួរសុខទុក្ខពួកគាត់ ព្រមទាំងលើកទឹកចិត្តពួកគាត់ឱ្យស្វែងរកការងារធ្វើនៅក្នុងស្រុក ដែលបច្ចុប្បន្ននេះខេត្តកំពង់ស្ពឺកំពុងមានតម្រូវការកម្លាំងការងារជាច្រើនម៉ឺនកន្លែង សម្រាប់ពលរដ្ឋទូទៅ ក៏ដូចជាបងប្អូនពលករខ្មែរយើងទើបត្រឡប់មកពីប្រទេសថៃវិញ៕
le="text-align:center">
le="text-align:center">
ដោយ លឹម សាន្ត





