ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២៦– ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលទើបតែងតាំងថ្មី ដើម្បីបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Ishizuki Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលជប៉ុនតែងតាំង ជាឯកអគ្គរាជទូតថ្មីនៅកម្ពុជា។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះ ឯកឧត្តម IshizukI Hideo ក្នុងឱកាសដែលឯកឧត្តមទទួលបានសេចក្តីទុកចិត្តពីរដ្ឋាភិបាលជប៉ុន ក្នុងការបំពេញបេសកកម្មការទូតនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា តាមរយៈបទពិសោធន៍ និងសមត្ថភាពដ៏ប៉ិនប្រសព្វរបស់ឯកឧត្តមអគ្គរាជទូត ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងជប៉ុន នឹងត្រូវបានពង្រឹង និងពង្រីកឱ្យកាន់តែរីកចម្រើនថែមទៀតលើគ្រប់វិស័យ។

ជាការឆ្លើយតប ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបពិភាក្សា និងបានសម្តែងនូវក្តីរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា។ ឯកឧត្តម បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយ ក.អ.ក. និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីបន្តជម្រុញទំនាក់ទំនងសេដ្ឋកិច្ច ការដោះដូរពាណិជ្ជកម្ម និងការបញ្ជ្រាបទុនវិនិយោគជប៉ុនមកកាន់កម្ពុជាឱ្យកាន់តែមានសន្ទុះបន្ថែមទៀត។

ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ និងពិភាក្សាយ៉ាងស៊ីជម្រៅលើទិដ្ឋភាពទូទៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការអភិវឌ្ឍធនធានមនុស្ស និងការហូរចូលនៃទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ពីសំណាក់ក្រុមហ៊ុនវិនិយោគិនជប៉ុន។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ជុំវិញបច្ចុប្បន្នភាពនៃស្ថានភាពក្នុងតំបន់ និងទូទាំងសកលលោក ដែលកំពុងជួបប្រទះនឹងភាពមិនប្រាកដប្រជា ដែលទាមទារឱ្យមានផាពបុរេសកម្ម និងការត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ។ ភាគីទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃយន្តការ កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ក្រោមកិច្ចព្រមព្រៀងរវាងកម្ពុជានិងជប៉ុន ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់ (២ដងក្នុង១ឆ្នាំ) និងត្រូវបានចាត់ទុកជាវេទិកាយុទ្ធសាស្ត្រផ្លូវការក្នុងការឆ្លើយតប និងដោះស្រាយបញ្ហាប្រឈមផ្សេងៗរបស់ធុរជនជប៉ុននៅកម្ពុជាបានទាន់ពេលវេលា។

តាមរយៈជំនួបសម្តែងការគួរសមនេះ ភាគីទាំងពីរបានសម្តែងនូវជំនឿជាក់យ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងស្ថានទូតជប៉ុនប្រចាំកម្ពុជា ព្រមទាំងយន្តការសន្ទនាផ្លូវការដែលមានស្រាប់ នឹងបន្តជាប្រភពថាមពលដ៏សំខាន់ក្នុងការទាក់ទាញទុនវិនិយោគពីប្រទេសជប៉ុនបន្ថែមទៀត ដើរទន្ទឹមគ្នានឹងការជួយជ្រោមជ្រែងដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់ព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានសន្ទុះខ្លាំងក្លា និងប្រកបដោយបរិយាបន្ន។ ជំនួបពិភាក្សាការងារនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងស្និទ្ធស្នាល ដែលជាសញ្ញាណដ៏ល្អប្រសើរសម្រាប់ការចាប់ផ្តើមបេសកកម្មការទូតថ្មីរបស់ ឯកឧត្តមអគ្គរាជទូតជប៉ុននៅព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ ចរិយា ប្រភព៖ CDC





