ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣
AKP ភ្នំពេញ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួ ងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦នេះ នៅទីស្ដីការក្រសួង ។
អញ្ជើញចូលរួមកិច្ចប្រជុំមាន ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ។

ដោយមានការធ្វើបទបង្ហាញនូវវឌ្ឍនភាពនៃការរៀបចំសេចក្ដីព្រាង ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ភូមិ និងសហគមន៍ជនបទ។
កិច្ចប្រជុំក៏បានពិភាក្សាយ៉ាងល្អិតល្អន់ និងផ្ដល់ធាតុចូលដ៏មានសារៈសំខាន់លើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រដែលក្រុមការងារបច្ចេកទេសបានរៀបចំ ដើម្បីបំពេញបន្ថែមលើចំណុចខ្វះចន្លោះ ដែលធ្វើឱ្យសេចក្តីព្រាងផែនការយុទ្ធសាស្ត្រនេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចអនុវត្តបានជាក់ស្ដែង។

ឯកឧត្ដមរដ្ឋមន្រ្ដី បានថ្លែងការកោតសរ សើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញដែលបានខិតខំយកចិត្តទុកដាក់រៀបចំឯកសារដ៏មានសារៈសំ ខាន់នេះឡើង ព្រមទាំងបានផ្ដល់អនុសា សន៍ដល់នាយកដ្ឋានជំនាញ ឱ្យដាក់ប ញ្ចូលនូវធាតុចូលដែលទទួលបានពីអង្គប្រជុំទៅក្នុងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រនេះ ដើម្បីធានាថា ផែនការយុទ្ធសាស្ដ្រដែលបានរៀបចំ និងសម្រេចដាក់ចេញឱ្យប្រើប្រាស់ជាផ្លូវការ មានសង្គតិភាពទៅនឹងគោលនយោបាយជាតិស្ដីពីការអភិវឌ្ឍជនបទ ឆ្នាំ ២០២៥-២០៣៥ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្ដរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជា ណាចក្រកម្ពុជា។

សូមជម្រាបជូនដែរថា ដើម្បីធានាថាការរៀបចំផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍សហគមន៍ជនបទ ឆ្នាំ២០២៦-២០៣៣ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និងមានការចូលរួមអនុវត្តសម្រេចដោយជោគជ័យ មានប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាពខ្ពស់ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងនឹងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ដែលនឹងមានការអញ្ជើញចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអង្គការដៃគូអភិវឌ្ឍន៍ផងដែរ៕

ដោយ៖ ពេជ្រ សំអឿន ,ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ





