វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៦ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង
AKP កំពង់ធំ ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦--វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តខេត្តកំពង់ធំ អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកស្ទោង ក្នុងគោលបំណងស្តាប់មតិយោបល់ កង្វល់និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងលើកយកបញ្ហាប្រឈមនៅក្នុងមូលដ្ឋានមកពិភាក្សាដើម្បីស្វែងរកដំណោះស្រាយសមស្របតាមតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅបរិវេណសាលាស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

វេទិកានេះមានការចូលរួមពីឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំ និងលោក តាំង ម៉េងលាន អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងដោយមានការអញ្ជើញចូលរូម ឯកឧត្តម លោកជំទាវលោក លោកស្រីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី មន្ត្រីរាជការសាលាស្រុក ព្រមទាំងអ្នកពាក់ព័ន្ធក្នុងមូលដ្ឋានជាច្រើនរូបទៀត។

ឯកឧត្តម ជាតិ ស៊ីវុត្ថា បានបញ្ជាក់ថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ផ្តោតលើប្រធានបទសំខាន់ៗចំនួន៥ ដែលជាបញ្ហាពាក់ព័ន្ធនឹងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋរួមមាន៖ ១.ការងារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដោយផ្តោតលើការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីចូលរួមរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងសហគមន៍។ ២.ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ ដោយសង្កត់ធ្ងន់លើការប្រើប្រាស់ និងការអភិរក្សធនធានធម្មជាតិប្រកបដោយការទទួលខុសត្រូវ និងនិរន្តរភាព។ ទី៣.ការពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ។ ៤.ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយគាំពារសង្គម ដើម្បីគាំទ្រប្រជាពលរដ្ឋដែលមានតម្រូវការ និងលើកកម្ពស់សុខុមាលភាពសង្គម និង៥.បញ្ហាផ្សេងៗ ដែលជាកង្វល់ និងសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ បានបញ្ជាក់បន្ថែមទៀតថា ការរៀបចំវេទិកានេះ ជាឱកាសសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ លើកឡើងពីបញ្ហាប្រឈម និងស្នើសុំការគាំទ្រពីអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ ជាមួយគ្នានេះ ការពិភាក្សាលើប្រធានបទទាំង៥ ក៏ផ្តល់លទ្ធភាពឱ្យអាជ្ញាធរទទួលបានព័ត៌មានពីតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន ដើម្បីពិនិត្យ និងចាត់វិធានការដោះស្រាយតាមសមត្ថកិច្ច។ ការចូលរួមផ្តល់មតិរបស់ប្រជាពលរដ្ឋនិងកិច្ចសហការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋ គឺជាផ្នែកសំខាន់ក្នុងការកំណត់បញ្ហាអាទិភាព និងស្វែងរកដំណោះស្រាយសមស្រប សំដៅឆ្លើយតប និងតម្រូវការរបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង ខេត្តកំពង់ធំ។

សូមបញ្ជាក់ថា ក្រុមប្រឹក្សាខេត្តកំពង់ធំ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ដើម្បីស្តាប់មតិយោបល់ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋនៅស្រុកស្ទោង មាន១៣សំណួរ សំណួរផ្ទាល់មាត់មាន០៣សំណួរ និងសំណួរក្នុងប្រអប់សំបុត្រមាន១០សំណួរ៕
ដោយ ស៊ុម វណ្ណា





