ពិធីប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥--
ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញប្រកាសដាក់ឱ្យដំណើរការនូវរដ្ឋបាលក្រុងកំពង់សោមនៃខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកអភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រជាពលរដ្ឋ។

ឯកឧត្តម វង្ស ផាណាត អបអរសាទរចំពោះលោក លោកស្រី សមាជិកសមាជិកាក្រុមប្រឹក្សាក្រុងកំពង់សោម ត្រូវបានតំណាងប្រជាពលរដ្ឋ គឺសមាជិកក្រុមប្រឹក្សាសង្កាត់ទាំង៥ ផ្តល់សេចក្តីទុកចិត្តបោះឆ្នោតឡើងវិញជ្រើសរើសសមាជិកក្រុមប្រឹក្សាក្រុងកំពង់សោម អាណត្តិទី១ ដើម្បីបន្តដឹកនាំរដ្ឋបាលក្រុងថ្មីនេះ សំដៅចូលរួមថែរក្សាសុខសន្តិភាព ស្ថេរភាព និងបន្តអភិវឌ្ឍក្រុងឱ្យមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀតក្នុងការអនុវត្តការងារបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋដោយស្មើភាព តម្លាភាព គណនេយ្យភាព សមធម៌ និងបរិយាបន្នជាពិសេស មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ ផ្អែកតាមមតិបេជ្ញាចិត្តរបស់លោក សំរិត សុផាត ប្រធានក្រុមប្រឹក្សាក្រុងកំពង់សោមថ្មី បានបង្ហាញឱ្យឃើញថា ក្រុមប្រឹក្សាអាណត្តិទី១ គណៈអភិបាល មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋទូទាំងក្រុងកំពង់សោម នឹងរួមសាមគ្គីគ្នាផ្ទៃក្នុងដោយសហការខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋានរបស់ខ្លួនឱ្យមានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ រួមមានការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ការអភិវឌ្ឍមូលដ្ឋាន ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះធម្មជាតិ ការជួយសង្គ្រោះជំងឺឆ្លងរាតត្បាតផ្សេងៗ ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។ ហើយសមិទ្ធផល និងស្នាដៃដែលសង្កាត់ទាំង៥ នៃរដ្ឋបាលក្រុងកំពង់សោម សម្រេចបាននាពេលកន្លងមក ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យកម្ពុជាយើងដើរតួនាទីកាន់តែសកម្មក្នុងតំបន់ និងលើឆាកអន្តរជាតិ។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយ ផ្តោតសំខាន់ចំនួន៥ ក្នុងនោះ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ហើយកត្តាធនធានមនុស្សជាចំណុចសំខាន់ក្នុងការចូលរួមអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានបញ្ជាក់ថា ការងារបន្ទាន់ដែលចាំបាច់ពីការចូលកាន់តំណែងក្រុមប្រឹក្សាក្រុងកំពង់សោម ផ្អែកតាមបទប្បញ្ញត្ដិមាត្រា៧០ នៃច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក ខណ្ឌ តម្រូវឱ្យក្រុមប្រឹក្សាធ្វើការប្រជុំសាមញ្ញលើកទី១ របស់ខ្លួនមិនឱ្យហួសពី១៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំចូលកាន់តំណែង។ ក្រុមប្រឹក្សាក្រុងកំពង់សោមត្រូវរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២របស់ខ្លួនមិនឱ្យមុន២៥ថ្ងៃ ឬលើសពី៣៥ថ្ងៃ បន្ទាប់ពីកិច្ចប្រជុំសាមញ្ញលើកទី១ឡើយ។ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ ក្រុមប្រឹក្សាត្រូវអនុម័តឱ្យបាននូវឯកសារដូចជា៖ កំណត់ហេតុកិច្ចប្រជុំលើកទី១ ដីកាស្តីពីបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ប្រតិទិននៃកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ខែ ចាប់ពីកិច្ចប្រជុំលើកទី២របស់ខ្លួន។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាគណៈអភិបាល និងមន្រ្តីរាជការ បុគ្គលិកទាំងអស់ព្រមទាំងប្រជាពលរដ្ឋនៃក្រុងកំពង់សោម នឹងខិតខំរួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ក្នុងអាណត្តិទី១នេះ។ ខេត្តព្រះសីហនុមានក្រុងចំនួន៣ និងស្រុកចំនួន៣ ក្នុងនោះក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងក្រុងកំពង់សោម ស្រុកព្រៃនប់ ស្រុកកំពង់សិលា និងស្រុកស្ទឹងហាវ៕
ដោយ ងូ សុមុនី





