ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រគល់ភារកិច្ច ជូនកងកម្លាំងអន្តរាគមន៍បង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំ
AKP កំពង់ធំ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានប្រជុំប្រគល់ភារកិច្ច និងប្រគល់ជូននូវបណ្ដាមធ្យោបាយសម្ភារ កិច្ចការធានាមួយចំនួនជូនដល់កងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលត្រូវបន្តទៅប្រតិបត្តិការនៅតំបន់បឹងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ធំបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មានប្រសាសន៍ថា កន្លងមកនេះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានបញ្ជូនកងកម្លាំងមួយចំនួនរួចហើយ ទៅប្រចាំការនៅទីបញ្ជាការស្រាលចំនួន០២គោលដៅ គឺ៖ ទី១. ទីបញ្ជាការស្រាលប្រចាំការនៅតំបន់ឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ និងទី២. ទីបញ្ជាការស្រាលនៅតំបន់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយសហការជាមួយបណ្ដាកងកម្លាំងចម្រុះរបស់ខេត្ត ព្រមទាំងកងកម្លាំងអន្តរាគមន៍របស់យោធភូមិភាគទី៤ផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា កងកម្លាំងទាំងអស់ត្រូវតែដាច់ខាតក្នុងការអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទនៃបញ្ជាការកងទ័ពជើងគោក ឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ និងឯកឧត្តមអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យក្នុងការបង្ក្រាបបទល្មើសនេសាទនៅក្នុងតំបន់បឹងទន្លេសាប និងបណ្ដាចំណុចសំខាន់ៗមួយចំនួនទៀតដោយត្រូវរឹបអូស ឬបំផ្លាញចោលនូវរាល់ឧបករណ៍សម្ភារនេសាទខុសច្បាប់ដែលច្បាប់បានហាមឃាត់។

ក្នុងឱកាសនោះឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ប្រេងឥន្ធនៈ តង់កៅស៊ូ សម្រាប់ធ្វើជម្រកស្នាក់នៅ វិទ្យុទាក់ទង បន្ទះសូឡាសម្រាប់បំភ្លឺភ្លើង និងបញ្ជូលអាគុយ និងសម្ភារសម្រាប់បំផ្លាញឧបករណ៍ល្មើសនេសាទខុសច្បាប់ជូនដល់កងកម្លាំងអន្តរាគមន៍ដែលត្រូវបង្កើនបន្ថែមក្នុងបេសកកម្មបង្ក្រាបបទល្មើសនេសាទក្នុងភូមិសាស្ត្រខេត្តកំពង់ធំឱ្យទទួលបានជោគជ័យ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





