ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ជម្រាបជូនសម្ដេចតេជោអំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានជម្រាបជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងឱកាសដែល ឯកឧត្តមអញ្ជើញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីរសៀលថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២៦ ។

ក្នុងជំនួបនោះ ឧត្តម Sultan Baktiar Najamudin បានកោតសរសើរចំពោះការរៀបចំរបស់កម្ពុជាក្នុងការទទួលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី២ ដែលប្រារព្ធឡើងនៅពេលនេះ។ ឯកឧត្តមក៏បានកោតសរសើរពីការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសកម្ពុជាផងដែរ។ ជាមួយគ្នានោះ ឯកឧត្តមក៏បានមានប្រសាសន៍ជម្រាបជូនសម្ដេចតេជោ អំពីការត្រៀមខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះនៃសន្និសីទប្រធានសភា នៃអន្តរសភាលើកទី៣ បន្ទាប់ពីកម្ពុជា។ ឯកឧត្តមក៏មានការចាប់អារម្មណ៍ យ៉ាងខ្លាំងចំពោះ សន្និសីទដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលនេះដែលមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំជាច្រើននៅទូទាំងពិភពលោក។ ដោយឡែកចំពោះក្របខណ្ឌទ្វេភាគីរវាងស្ថាប័ននីតិបញ្ញត្តិកម្ពុជា និងឥណ្ឌូណេស៊ី ក៏មានការពង្រឹងបន្ថែមទៀតផងដែរ។ អ្វីដែលជាការកត់សម្គាល់នោះ ភាគីទាំងពីរក៏បានជជែកទៅលើទំនាក់ទំនងនៃការបង្កើតវេទិកាព្រឹទ្ធសភារបស់អាស៊ាន ដែលកន្លងមកក៏ជាគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោផងដែរ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ីដែលបានអញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នៅពេលនេះ និងអរគុណចំពោះការវាយតម្លៃ និងកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា៕

ដោយ៖ ជឹម ណារី





