សម្ដេចតេជោ ហ៊ុន សែន អរគុណអនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តម អនុប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភាសហព័ន្ធរុស្ស៊ី ដែលបានចំណាយពេលវេលាអញ្ជើញមកចូលរួមនៅក្នុងសន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បន្ទាប់ពីជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភា នៃអន្តរសភា លើកទី២ (ISC-2) ជាមួយ ឯកឧត្ដម Konstantin Kosachev អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅអគារពន្ធដារជាតិ។

ក្នុងជំនួបនោះ ឯកឧត្ដមអនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសភាសហព័ន្ធរុស្សី បានសម្ដែងនូវការកោតសរសើរចំពោះកម្ពុជា ដែលមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស។ ឯកឧត្តមក៏បានកោតសរសើរកម្ពុជាចំពោះកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិ។ ឯកឧត្តមក៏បានសម្ដែងនូវការពេញចិត្ត ចំពោះសម្ដេចតេជោដែលជាមេដឹកនាំដ៏ឆ្នើមមួយរូបរបស់កម្ពុជា ហើយកន្លងមក កម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ សម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះឯកឧត្តម ដែលបានកោតសរសើរចំពោះភាពរីកចម្រើនរបស់កម្ពុជា និងចំពោះតួនាទីរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ឯកឧត្តម Konstantin Kosachev ក៏បានជម្រាបជូនសម្ដេចតេជោអំពីការត្រៀមលក្ខណៈទទួលស្វាគមន៍សម្ដេចតេជោក្នុងការអញ្ជើញបំពេញទស្សនកិច្ចទៅកាន់សហព័ន្ធរុស្ស៊ីនៅពេលខាងមុខផងដែរ ក្នុងនោះថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៊ី នឹងរង់ចាំទទួលស្វាគមន៍វត្តមានរបស់សម្ដេចតេជោ នៅពេលខាងមុខ ដើម្បីបន្តរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀត ទាំងក្នុងក្របខណ្ឌទ្វេភាគី ទាំងស្ថាប័ននីតិបញ្ញត្តិ នៃប្រទេសទាំងពីរ និងកិច្ចសហប្រតិបត្តិការទៅលើវិស័យសំខាន់ៗជាច្រើនទៀត៕
ដោយ៖ ជឹម ណារី





