មន្ទីរទេសចរណ៍ខែត្តកំពង់ស្ពឺចុះណែនាំអំពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសមហោស្រពទេសចរណ៍ "បុណ្យភ្នំ ២០២៥"
AKP កំពង់ស្ពឺ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ -- ក្នុងឱកាស "បុណ្យភ្នំ" ប្រពៃណីវប្បធម៌ខាងមុខ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺបានបង្កើតព្រឹត្តិការណ៍សប្បាយរីករាយជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅឧទ្យានជាតិគិរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជតំណាក់ ដោយមានទស្សនីយភាពមហោស្រពសិល្បៈ ការប្រគុំតន្ត្រី ការរៀបចំព្រឹត្តិការណ៍ប្លែកៗ ការប្រកួតកីឡាផ្សេងៗដូចជា ប្រដាល់គុនខ្មែរ រត់ប្រណាំង បេតង់ បាល់ទះជាដើម។

ដើម្បីញ៉ាំងឱ្យការគោរពពិធីទទួលបានជោគជ័យ កាលពីថ្ងែទី០៦ ខែកុម្ភៈ ឆ្នាំ២0២៥ មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺដឹកនាំក្រុមការងារសហការជាមួយអាជ្ញាធរស្រុកភ្នំស្រួច និងមន្ត្រីឧទ្យានុរក្ស ចុះណែនាំអំពីការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ នាឱកាសមហោស្រពទេសចរណ៍ "បុណ្យភ្នំ ២០២៥" ដល់រមណីយដ្ឋាន ម្ចាស់មូលដ្ឋានអាជីវកម្ម នៅឧទ្យានជាតិគិរីរម្យ ដូចជា៖ ត្រូវផ្តល់កិច្ចសហការល្អជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ដើម្បីធានារក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងរក្សាឱ្យបាននូវអនាម័យ ព្រមទាំងសោភណភាពនៅតាម មូលដ្ឋានអាជីវកម្ម។ ត្រូវរៀបចំចំណតឱ្យបានត្រឹមត្រូវ ចៀសវាងការចតយានយន្តដោយគ្មានសណ្តាប់ធ្នាប់ ដែលអាចបង្កផលប៉ះពាល់ដល់ចរាចរណ៍លើផ្លូវសាធារណៈ។ ត្រូវបង្ហាញផលិតផល និងត្រូវបញ្ជាក់តម្លៃឱ្យបានច្បាស់លាស់។ ត្រូវរក្សាតម្លៃផលិតផល ឬសេវាកម្មឱ្យបានសមរម្យ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យបាន ល្អប្រសើរ។ ត្រូវរក្សាអនាម័យបន្ទប់ទឹក ដោយត្រូវដាក់វេនសម្អាតជាប្រចាំឱ្យបាន ញឹកញាប់ និងមានសម្ភារៈគ្រប់គ្រាន់មានជាអាទិ៍ សាប៊ូលាងដៃ ក្រដាស ជាដើម។

លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា មហោស្រពទេសចរណ៍ វប្បធម៌ តន្ត្រី និងកីឡា ដែលគ្មានប្លាស្ទិក "បុណ្យភ្នំ" នឹងនាំមកនូវព្រឹត្តិការណ៍កម្សាន្តសប្បាយ ការប្រកួតកីឡា ម្ហូបអាហារ និងការតុបតែងជាច្រើនរាប់មិនអស់ តាមដងផ្លូវដ៏ស្រស់ស្អាតជិត៤គីឡូម៉ែត្រ នៅថ្ងែទី១៥ និងទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង២ទៀបភ្លឺ ពោលគឺរយៈពេល២ថ្ងែ ២យប់ នៅឧទ្យានជាតិគិរីរម្យ ចាប់ពីរង្វង់មូលនាគព័ន្ធ ដល់អតីតព្រះរាជតំណាក់។

ជាមួយគ្នានោះដែរ លោក រស់ សុខ បានធ្វើការអំពាវនាវ និងអញ្ជើញ បងប្អូនប្រជាពលរដ្ឋ ចូលរួមដោយសេរី និងឱ្យបានច្រើនកុះករ ដើម្បីលើកស្ទួយវិស័យទេសចរណ៍និងអភិរក្សវប្បធ៏ម បរិស្ថានធម្មជាតិរបស់ប្រទេសជាតិយើង៕


ដោយ លឹម សាន្ត





