សិស្សានុសិស្សវិទ្យាល័យបូទុមសាគរចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពីការអប់រំតម្រង់ទិសវិជ្ជាជីវៈ
AKP ភ្នំពេញ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥-- សិស្សានុសិស្សចាប់ពីថ្នាក់ទី៩ ដល់ថ្នាក់ទី១២ សរុបចំនួន៣១៦នាក់ នៅវិទ្យាល័យបូទុមសាគរ ស្រុកបូទុមសាគរ ខេត្តកោះកុង ទទួលបានការបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ និងការជ្រើសរើសថ្នាក់វិទ្យាសាស្ត្រ វិទ្យាសាស្ត្រសង្គម ឬជំនាញបច្ចេកទេសវិជ្ជាជីវៈ» ដែលរៀបចំឡើងដោយនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្រពីអគ្គលេខាធិការដ្ឋាននៃក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥ ។

គោលបំណងនៃការរៀបចំកម្មវិធីវគ្គបណ្ដុះបណ្ដាលនេះជាផ្នែកមួយនៃអន្ដរាគមន៍គាំទ្រដល់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដើម្បីផ្ដល់មូលដ្ឋានក្នុងការស្វែងយល់ពីខ្លួនឯង និងព័ត៌មានទីផ្សារការងារ ក៏ដូចជាការវិវត្តផ្នែកសេដ្ឋកិច្ច សង្គម ដែលជះឥទ្ធិពលដល់តម្រូវការជំនាញនៃកម្លាំងពលកម្មកម្ពុជាយើង ដើម្បីត្រួសត្រាយបង្ហាញផ្លូវដល់ពួកគេឱ្យទទួលបានព័ត៌មាន និងមានលទ្ធភាពពេញលេញក្នុងការសម្រេចចិត្តរៀបចំផែនការសិក្សា ផែនការអាជីព ជាពិសេសសំដៅដល់ការគាំទ្រក្នុងការជ្រើសរើសមុខជំនាញបន្ដការសិក្សានៅកម្រិតឧត្តមសិក្សានាពេលខាងមុខប្រកបដោយភាពប្រាកដនិយម ។

ការបណ្ដុះបណ្ដាលស្ដីពី «ការអប់រំតម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសុស្សនៅ វិទ្យាល័យបូទុមសាគរ ស្រុកបុទុមសាគរ ខេត្តកោះកុងនេះ ក៏មានការចូលរួមពីមន្ត្រី នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ មន្រ្តីរដ្ឋបាលស្រុក ការិយាល័យ អប់រំ យុវជន និងកីឡាស្រុកបុទុមសាគរផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





