យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្ស
AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យអប់រំជាវិស័យអាទិភាពទី១ ឆ្ពោះទៅអភិវឌ្ឍមូលធនមនុស្សឱ្យមានសមត្ថភាព ចំណេះដឹង និងជំនាញខ្ពស់ ភាពច្នៃប្រឌិត ស្មារតីសហគ្រិនភាព នវានុវត្តន៍ និងក្រមសីលធម៌ស្អាតស្អំ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍសង្គម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាបន្ន។

នេះជាប្រសាសន៍របស់ឯកឧត្តអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុប វាយតម្លៃការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងលើកទិសដៅការងារឆ្នាំសិក្សា ២០២៤-២០២៥ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត លោកស្រីអភិបាលក្រុង ស្រុក លោក លោកស្រីប្រធានការិយាល័យនៃរដ្ឋបាលក្រុង ស្រុក បុគ្គលិកអប់រំ នាយក នាយិកាវិទ្យាល័យ ដៃគូអង្គការ លោកគ្រូ អ្នកគ្រូ និងអ្នកពាក់ព័ន្ធទាំងអស់ នៅសាលប្រជុំមន្ទីរអប់រំខេត្តបន្ទាយមានជ័យ នាថ្ងៃទី៣១ខែមករា ឆ្នាំ២០២៥នេះ។ ក្នុងឱកាសនោះ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលខេត្តបន្ទាយមានជ័យសម្រេចបានលើវិស័យអប់រំ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បុគ្គលិកអប់រំ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយមនសិកាវិជ្ជាជីវៈខ្ពស់ ដើម្បីផ្ដល់នូវសេវាអប់រំមួយដែលមានគុណភាពខ្ពស់ជូនដល់សិស្សានុសិស្ស ជាពិសេសចូលរួមយ៉ាងសកម្មនៅក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដែលជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានជំរុញដល់មន្ទីរអប់រំត្រូវបន្តការប្រមូលកុមារដល់អាយុសិក្សាឱ្យបានចូលរៀនគ្រប់ៗគ្នា ប្រកបដោយសមធម៌ បរិយាបន្ន និងគុណភាព ដែលមានលក្ខណៈជាកុមារមេត្រី និងការអប់រំបញ្ចូលគ្នាធានាថាកុមារទាំងអស់ត្រូវតែបានឆ្លងកាត់មត្តេយ្យសិក្សាមុនចូលរៀនថ្នាក់ទី១ទោះបីជានៅតំបន់ជួបការលំបាកដាច់ស្រយាលក៏ដោយ។ ពេលបញ្ចប់ការសិក្សានៅកម្រិតបឋមភូមិនិងទុតិយភូមិត្រូវមានការបណ្តុះបណ្តាល បច្ចេកទេសវិជ្ជាជីវៈ បំណិនជីវិត ការអប់រំឧត្តមសិក្សានិងមធ្យោបាយសិក្សាផ្សេងទៀត។ ធានាឱ្យបានការអប់រំក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវធ្វើដំណើរទន្ទឹមគ្នា ដោយរលូន ដើម្បីសម្រេចផែនការជាតិអប់រំសម្រាប់ទាំងអស់គ្នា និងគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ក្នុងការលុបបំបាត់ទាំងស្រុងនូវអនក្ខរភាព។ការកែលម្អនិងកំណែទម្រង់កាន់តែស៊ីជម្រៅត្រូវធានាភាពស័ក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ តាមរយៈការផ្តល់សេវា អប់រំ ប្រកបដោយភាពស័ក្តិសិទ្ធិ និងភាពទន់ភ្លន់។ ត្រូវខិតខំកែលម្អបរិស្ថានសាលារៀនឱ្យក្លាយទៅជាសាលាបៃតង ជាទីមេត្រីសម្រាប់សិស្សានុសិស្ស ដូចពាក្យស្លោកមួយឃ្លាបានពោលថា «សាលារៀនស្អាត ភូមិ ឃុំ គ្មានសំរាម»។ ត្រូវយកចិត្តទុកដាក់លើការងារយុវជនទាំងក្នុង និងក្រៅសាលារៀនដោយផ្តល់ ឱកាសឱ្យយុវជនបានចូលរួម គ្រប់សកម្មភាពសង្គម ពិសេសលើកកម្ពស់ក្រុម ប្រឹក្សាកុមារកម្ពុជា និងក្រុមប្រឹក្សាយុវជនកម្ពុជា នៅតាមសាលារៀនឱ្យមានសកម្មភាពនិងដំណើរការល្អ។ ត្រូវខិតខំយកចិត្តទុកដាក់ អំពីសុខភាពអនាម័យរបស់សិស្ស ដោយត្រួតពិនិត្យជាប្រចាំលើការលក់ដូរចំណីអាហារនៅតាមសាលារៀន ឱ្យគោរពតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ យុវជន និងកីឡាផងដែរ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ចំពោះគុណភាពសិក្សាវិញ ក្រសួងអប់រំ យុវជន និងកីឡា បានលើកកម្ពស់ការអនុវត្តនូវកំណែទម្រង់ នៃការប្រឡងត្រូវបានមហាជនគាំទ្រពិសេសបានបណ្តុះនូវស្មារតីភាពជឿទុកចិត្តរបស់បេក្ខជននិងអ្នកអាណាព្យាបាលសិស្ស ក្រោមពាក្យស្លោក “អ្នកចេះ គឺជាប់” បានធ្វើឱ្យមានការសាទរយ៉ាងខ្លាំងពីសំណាក់អ្នកពាក់ព័ន្ធ មកលើដំណើរការប្រឡង ដោយបានលុបបំបាត់ និងទប់ស្កាត់រាល់ភាពមិនប្រក្រតីនានា ព្រមទាំងបានលើកកម្ពស់តម្លៃគ្រូបង្រៀន និង ការទទួលស្គាល់គ្រូបង្រៀនថា «ជាអ្នកផលិតចំណេះដឹង ជាអ្នកអនុវត្តពិតប្រាកដ នៅកម្រិត សាលារៀន និងជាដៃគូដ៏ល្អបំផុត សម្រាប់កែលម្អគោលនយោបាយអប់រំ»៕
ដោយ ឈុន សារ៉ាត





