ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញចុះពិនិត្យគម្រោងត្រៀមបំពាក់ម៉ូទ័របូមទឹក ដើរដោយពន្លឺព្រះអាទិត្យនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្រុកព្រៃឈរ
AKP កំពង់ចាម ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ -- នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ អញ្ជើញចុះពិនិត្យគម្រោងត្រៀមបំពាក់ម៉ូទ័របូមទឹកដើរដោយពន្លឺព្រះអាទិត្យ (សូឡា) ស្ថិតនៅស្ថានីយបូមទឹក ហ៊ុន សែន ទី១៥ ស្ថិតក្នុងភូមិបន្ទាយថ្មី ឃុំសំរោង ស្រុកព្រៃឈរ ក្នុងការសម្រួលដល់ការផ្គត់ផ្គង់ទឹកស្រោចស្រពសម្រាប់បម្រើតម្រូវការរបស់ប្រជាកសិករក្នុងតំបន់នោះ ដែលបច្ចុប្បន្នស្ថានីយបូមទឹកនេះដើរដោយប្រេងឥន្ធនៈ ។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមថ្លែងថា ស្ថានីយនាបច្ចុប្បន្នអាចមានលទ្ធភាពទឹកផ្គត់ផ្គង់ស្រោចស្រពលើដីស្រែរបស់ប្រជាកសិករប្រមាណ ៩០០ហិកតា ដែលនៅតាមប្រព័ន្ធធារាសាស្ត្រនេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានបញ្ជាក់ថា បន្ទាប់ពីយើងបំពាក់មូទ័របូមទឹកដើរដោយថាមពលអគ្គិសនីពន្លឺព្រះអាទិត្យ ស្ថានីយនេះអាចពង្រីកវិសាលភាពនៃការផ្គត់ផ្គង់ទឹក ផ្ទៃដីដាំដុះរហូតដល់ប្រមាណជាង ២ ម៉ឺនហិកតា ដល់ប្រជាពលរដ្ឋក្នុងតំបន់ស្រុកជើងព្រៃមួយចំនួនដែលស្ថិតនៅក្រោមបណ្ដាញប្រព័ន្ធធារាសាស្ត្រនេះ ហើយអាចមានលទ្ធភាពធានាទឹកសម្រាប់ការបង្កបង្កើនផលបាន ៣ ដងក្នុងមួយឆ្នាំ។

ឯកឧត្តម អ៊ុន ចាន់ដា បានជំរុញដល់មន្ត្រីជំនាញ ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ ត្រៀមរៀបចំចងក្រងជាសហគមន៍ប្រើប្រាស់ទឹកឱ្យបានច្បាស់លាស់ ដើម្បីគ្រប់គ្រង និងបែងចែកទឹកធ្វើយ៉ាងណាត្រូវធានាឱ្យមានទឹកផ្គត់ផ្គង់ស្រោចស្រព លើដីស្រែរបស់ប្រជាកសិករ ប្រកបដោយប្រសិទ្ធភាពខ្ពស់៕


ដោយ ឆាយ ម៉ុត





