ខេត្តព្រះសីហនុបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា»
AKP ព្រះសីហនុ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅទីលានសម្តេចតេជោ (ពយតាមូង) ក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃចន្ទទី២៧ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ណាត់ថៈផុង សាងគុលឆិត (Natthapong Sanguanchit) អភិបាលខេត្តត្រាតប្រទេសថៃ អគ្គកុងស៊ុលនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ ប្រធានការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុ តំណាងរដ្ឋបាលខេត្តកោះកុង ខេត្តកំពត និងខេត្តកែប។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត បានស្វាគមន៍ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មនៅលើទឹកដីតំបន់ឆ្នេរសមុទ្រដ៏ស្រស់បំព្រងនៃខេត្តព្រះសីហនុ ដែលត្រូវបានប្រសិទ្ធនាមថាជា «តារារះនាទិសនិរតី» និងកំណត់ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។ ព្រឹត្តិការណ៍នេះធ្វើឡើងក្នុងគោលបំណង៖ ១. បង្កើនការទាក់ទាញទេសចរឱ្យមកសម្រាកកម្សាន្តនៅខេត្តព្រះសីហនុកាន់តែច្រើន និងស្នាក់នៅយូរថ្ងៃ។ ២. ជំរុញការផ្សព្វផ្សាយផលិតផល និងសក្ការនុពលទេសចរណ៍។ ៣. ជំរុញការផ្សព្វផ្សាយ និងលើកកម្ពស់តម្លៃវប្បធម៌ជាតិខ្មែរ។ ៤. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យវិស័យទេសចរណ៍ និងពាណិជ្ជកម្មកាន់តែមានការរីកចម្រើន។ ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មអមដោយការប្រគុំតន្ត្រី ការសម្ដែងសិល្បៈ ការបង្ហាញទស្សនីយភាពវប្បធម៌ និងការតាំងពិព័រណ៍ផលិតផលនានាផងដែរ។

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញបើកព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្ម ក្រោមប្រធានបទ «ទេសចរណ៍ផ្ដល់ឱកាសសម្រាប់ទាំងអស់គ្នា» វិស័យទេសចរណ៍កម្ពុជា គឺជាវិស័យអាទិភាពមួយដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានប្រសិទ្ធនាមថា ជាមាសបៃតង ក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម សេដ្ឋកិច្ច លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងគាំទ្រដល់ការអភិរក្សធនធានធម្មជាតិ វប្បធម៌ដ៏សម្បូរបែប ដែលធ្វើឱ្យប្រទេសកម្ពុជា រក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញមានការអភិវឌ្ឍ លើគ្រប់វិស័យ បន្តអនុគ្រោះដល់ការវិនិយោគ និងការរីកចម្រើនក្នុងវិស័យទេសចរណ៍របស់កម្ពុជា ដែលចាត់ទុកវិស័យទេសចរណ៍ គឺជាជន្ទល់សេដ្ឋកិច្ចមួយសំខាន់ ក្នុងនោះបានចូលរួមចំណែកប្រមាណជា៣ភាគរយនៃផលិតផលក្នុងស្រុកសរុប។ ការដាក់ចេញផែនការយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានផែនការជាក់លាក់ និងយុទ្ធនាការជាច្រើនជួយជំរុញសន្ទុះវិស័យទេសចរណ៍សំដៅចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ សូមចូលរួមអបអរសាទរសមិទ្ធផលជាច្រើនដែលខេត្តព្រះសីហនុសម្រេចបាន ក្នុងនោះមានដូចជា ជ័យលាភីទីក្រុងស្អាត ជ័យលាភីទីក្រុងទេសចរណ៍គ្នានផ្សែងបារី ជ័យលាភីផ្ការំដួលបីទង ជ័យលាភីលេខ១ ចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២៣ ជ័យលាភីបង្គន់សាធារណស្តង់ដារអាស៊ាន ស្បាម៉ាហ្សាស្តង់ដារអាស៊ាន និងសហគមន៍ទេសចរណ៍ស្តង់ដារអាស៊ានផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា តាមការព្យាករណ៍ឆ្នាំ២០២៥ តំបន់ឆ្នេរសមុទ្រកម្ពុជាអាចទទួលភ្ញៀវទេសចរអន្តរជាតិ៨០ម៉ឺននាក់ និងទេសចរជាតិប្រមាណ៨លាននាក់។ ដោយឡែកសម្រាប់ខេត្តព្រះសីហនុ រំពឹងថា ទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៤៥ម៉ឺននាក់ និងភ្ញៀវទេសចរជាតិប្រមាណ ៤លាននាក់ សូមបងប្អូនប្រជាពល រដ្ឋចាប់យកអត្ថប្រយោជន៍ឱ្យបានច្រើនជាអតិបរិមាលើវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ លទ្ធផលដែលផ្តើមចេញខាងលើ គឺជាកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងឯកជន ព្រោះវិស័យទេសចរណ៍ ជាវិស័យដែលមានប្រទាក់ក្រឡាគ្នាទាមទារឪ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ និងឯកជន ថ្នាក់ជាតិ ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការជាអន្តរជាតិដោយឈរលើអភិក្រមតួអង្គតែមួយ លើគោលការណ៍គ្រឹះទេសចរណ៍ផ្សារភ្ជាប់ទៅនឹងទឹកដី រក្សាឧត្តមភាពប្រកួតប្រជែងខ្ពស់ជាងមុន និងរក្សាកេរ្តិ៍ឈ្មោះកម្ពុជា ជាគោលដៅទេសចរណ៍សុវត្ថិភាព ផ្តល់ភាពកក់ក្តៅ ស្អាត និងបៃតង។ ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន៥ ក្នុងនោះ ១. កិច្ចសហប្រតិបត្តិការជាមួយអន្តរក្រសួង ស្ថាប័នថ្នាក់ជាតិ ២. កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ សាលារដ្ឋបាលខេត្តទាំង២៤ ៣. កិច្ចសហប្រតិបត្តិការស្ថានឯកអគ្គរដ្ឋទូត ស្ថានឯកអគ្គរាជទូតបរទេសប្រចាំកម្ពុជា ដៃគូអភិវឌ្ឍ ស្ថានឯកអគ្គរដ្ឋទូតកម្ពុជា ស្ថានកុងស៊ុលកម្ពុជានៅបរទេស កិច្ចសហប្រតិបត្តិការជាអន្តរជាតិ ក្នុងតំបន់អាស៊ាន និងពិភពលោក ៤. កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនក្នុងស្រុក និងក្រៅស្រុក ៥. កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយបណ្តាសារព័ត៌មានជាតិ និងអន្តរជាតិ។ សូមចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍ និងម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់៕


ដោយ ងូ សុមុនី





