អភិបាលរងខេត្តព្រះសីហនុផ្សព្វផ្សាយសេចក្តីណែនាំ ស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងវិធានការបង្ការទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ កាំជ្រួចផ្ទុះ
AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥-- លោក សាមុត សុធារិទ្ធ អភិបាលរងខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិធានការបង្ការ ទប់ស្កាត់ហានិភ័យ នៃការប្រើប្រាស់ផាវ និងកាំជ្រួចផ្ទុះលម្អគ្រប់ប្រភេទនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាពពាក់ព័ន្ធ នៅសាលាខេត្តព្រះសីហនុ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

ក្នុងកិច្ចប្រជុំ លោកអភិបាលរងខេត្តព្រះសីហនុបានធ្វើការណែនាំដល់អាជ្ញាធរក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ ស្តីពីការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់អគ្គិភ័យដែលអាចកើតឡើងក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ មានរយៈពេល០៤ថ្ងៃ។ ជារៀងរាល់ឆ្នាំពិនិត្យឃើញថា ក្នុងឱកាសប្រារព្ធពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិន និងវៀតណាមដែលរស់នៅលើទឹកដីកម្ពុជា ចូលរួមអបអរសាទរ និងកម្សាន្តសប្បាយក្នុងពិធីបុណ្យចូលឆ្នាំថ្មីនៅតាមលំនៅឋានដែលខ្លួនរស់នៅក្នុងសិទ្ធិសេរីភាពទូលំទូលាយ ប្រកបដោយក្តីសប្បាយរីករាយ។

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាមឆ្នាំនេះប្រព្រឹត្តទៅប្រកបដោយសេចក្តីសប្បាយរីករាយ និងមានសុវត្ថិភាព រដ្ឋបាលខេត្តព្រះសីហនុ សូមធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព សមាគម ក្រុមហ៊ុនឯកជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ៖ ១- ហាមការតាំងលក់ជាតិផ្ទុះ ជាតិឆេះ កាំភ្លើង ដុតផាវ ដុតជាតិផ្ទុះគ្រប់ប្រភេទដែលបង្កជាសំឡេងផ្ទុះខ្លាំងៗ និងអាចបង្កគ្រោះអគ្គិភ័យជាយថាហេតុ។ ២- ហាមឃាត់ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការធ្វើចរាចរណ៍ក្នុងពេលស្រវឹង ការបើកបរដោយល្បឿនលើសកំណត់ ដែលនាំឱ្យមានគ្រោះថ្នាក់ដល់អាយុជីវិត។ ៣- នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទី អង្គភាព រោងចក្រ សហគ្រាស គេហដ្ឋានត្រូវចូលរួមរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈសេចក្តីថ្លៃថ្នូរ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀន ធូប ក្រដាសសែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី អាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ដោយឡែកការដុតក្រដាសសែនត្រូវប្រើធុងដែក ឬឆ្នាំងដី ហាមដាច់ខាតមិនឱ្យដុតលើចិញ្ចើមផ្លូវ ឬទ្រូងផ្លូវសាធារណៈ។ ៤- មន្ទីរអប់រំយុវជន និងកីឡាខេត្ត ត្រូវណែនាំដល់គ្រប់គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនឱ្យយកចិត្តទុកដាក់ណែនាំសិស្សានុសិស្ស និស្សិតមិនត្រូវយកថ្ងៃនេះ ជាថ្ងៃឈប់សម្រាក ឬលេងសប្បាយផ្សេងៗប្រាសចាកពីទំនៀមទម្លាប់ប្រពៃណី។ ៥-មន្ទីរទេសចរណ៍ត្រូវណែនាំរំលឹកដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងផ្នែកសេវាកម្មទេស ចរណ៍ត្រូវរក្សាតម្លៃលក់ឱ្យបានសមរម្យ និងអនាម័យសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកសម្រាកកម្សាន្តក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម។ ដោយឡែកប្រតិបត្តិករទូកទេសចរណ៍កម្សាន្តលើសមុទ្រ និងទូកដឹកជញ្ជូនត្រូវរក្សាបរិមាណចំនួនអ្នកដំណើរ និងផ្តល់អាវពោងសុវត្ថិភាព ដល់អ្នកដំណើរក្នុងពេលធ្វើដំណើរលើផ្ទៃសមុទ្រ។ ៦-រដ្ឋបាលក្រុង ស្រុក ត្រូវពង្រឹង និងរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយ អនាម័យតាមដងផ្លូវ តាមឆ្នេរ និងទីសាធារណៈក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ៧-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនស្មារតីយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងសហការអនុវត្តផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ចរាចរណ៍ និងទប់ស្កាត់អំពើលួច ឆក់ ប្លន់ ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលបង្កឱ្យមានមហន្តរាយ និងរំខានដល់ការកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ ៨- អង្គភាពមានរថយន្តពន្លត់អគ្គីភ័យៈ ត្រូវត្រៀមលក្ខណៈក្នុងកិច្ចសង្គ្រោះពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ។


ចំពោះស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ត្រូវផ្សព្វផ្សាយសេចក្តីណែនាំនេះឱ្យបានទូលំទូលាយ និងចាត់តាំងអនុវត្តតាមស្មារតី នៃសេចក្តីណែនាំនេះឱ្យសម្រេចបានលទ្ធផលល្អប្រសើរ៕
ដោយ ងូ សុមុនី





