ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត
AKP ខេត្តព្រះសីហនុ ថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២៦– ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹង ចំនួន ២១គ្រួសារ ក្នុងក្រុងស្រុកចំនួន៣ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមខេត្ត។
នៅថ្ងៃចន្ទទី២៤ ខែសីហា ឆ្នាំ២០២៦ លោក ចេង មុីន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាខា មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ២១គ្រួសារ ក្នុងក្រុង ស្រុកចំនួន៣ ក្នុងនោះ ស្រុកស្ទឹងហាវចំនួន ៧គ្រួសារ ស្រុកព្រៃនប់ ៨គ្រួសារ និងក្រុងកំពង់សោម ៦គ្រួសារ ក្នុងខេត្តព្រះសីហនុ ។


លោក ចេង មុីន នាយករងសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហម និងឯកឧត្ដម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ជូនចំពោះបង ប្អូនពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ២១គ្រួសារ ក្នុងក្រុង ស្រុកចំនួន៣ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឯកឧត្តមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តព្រះសីហនុ តែងតែបានធ្វើការណែនាំដល់សាខា អនុសាខាក្រុង ស្រុក និងអ្នកស្ម័គ្រចិត្ដសាខាទាំងអស់ត្រូវយកចិត្តទុកដាក់អំពីសុខទុក្ខប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសជនចាស់ជរាគ្មានទីពឹង ក្មេងកំព្រា ដោយធ្វើយ៉ាងណាយើងត្រូវដឹងពីជីវភាព និងសុខទុកប្រជាពលរដ្ឋដោយមិន ទុកឪ្យពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងអាហារស្លាប់នោះទេ ព្រោះទីណាមានការលំបាក ទីនោះមានកាក បាទក្រហមនៅជាមួយប្រជាពលរដ្ឋជានិច្ច ។
ក្នុងឪកាសនោះ លោក នាយករងសាខាកាកបាទក្រហមខេត្ត ក៏បានធ្វើការណែនាំឪ្យបងប្អូនត្រូវថែរក្សាសុខភាពផឹកទឹកស្អាត ដេកក្នុងមុង ដើម្បីបង្ការពីគ្រុនឈាម គ្រុនឈីក ព្រោះរដូវនេះជារដូវភ្លៀងវាងាយនឹងកើតមានជំងឺគ្រុនឈាម។


អំណោយមនុស្សធម៌របស់សាខាកាកបាទ ក្រហមខេត្ត ផ្ដល់ជូនប្រជាជនងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ២១គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។
ចំណែកគ្រួសារ ដែលមានពិការភាព ៦នាក់ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល៕

ដោយ៖ ងូ សុមុនី





