ក្រុមល្បាត អង្គការ WWF ប្រទះឃើញសត្វស្វាកន្ទុយ ស ចំនួន ២០ក្បាល នៅតំបន់ទន្លេស្រែពក
AKP ភ្នំពេញ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥-- មន្រ្តីអង្គការ WWF បានឱ្យដឹងនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ថា ក្នុងអំឡុងពេលនៃកិច្ចការងារល្បាតនៅតំបន់នៃទន្លេស្រែពកនាពេលថ្មីៗនេះ ក្រុមស្រាវជ្រាវជីវៈចម្រុះ និងត្រួតពិនិត្យរបស់យើងបានប្រទះឃើញសត្វស្វាកន្ទុយ ស ចំនួន ២០ក្បាល ពួកវាត្រូវបានគេស្គាល់ផងដែរថាជាសត្វ (Trachypithecus germaini) មានរោមពណ៌ប្រផេះប្រាក់នៅពេលពេញវ័យ និងរោមពណ៌ទឹកក្រូចនៅពេលនៅតូច។

សត្វស្វាកន្ទុយ ស ជាប្រភេទសត្វកម្រក្នុងអំបូរនេះ ហើយពួកវាក៏កំពុងមានវត្តមានរស់នៅក្នុងប្រទេសកម្ពុជា ដែលភាគច្រើនគឺនៅ តំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃខេត្តមណ្ឌលគិរី សត្វប្រភេទនេះត្រូវបានគេប៉ាន់ស្មានថា បានធ្លាក់ចុះជាង ៥០ភាគរយ ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ ហើយពួកវាត្រូវការការពារពីសកម្មភាពនៃបទល្មើសដូចជាការបរបាញ់ និងការបាត់បង់ទីជម្រក ដើម្បីបន្តរស់រានមានជីវិត។
តើអ្នកនឹងចូលរួមកាពារព្រៃឈើ និងសត្វព្រៃរបស់យើង ហើយចែករំលែកដំណឹងនេះនេះជាមួយមិត្តរបស់អ្នកទេ?

ដោយ ណយ នឿន (ប្រភព៖ WWF)





