ឯកឧត្តមបណ្ឌិត សុខ ទូច និងអ្នកជំនាញកាបូនប្រទេសអង់គ្លេស ជួបពិភាក្សាគម្រោងលក់កាបូន សម្រាប់ឧទ្យានរាជបណ្ឌិត្យកម្ពុជាតេជោសែនឫស្សីត្រឹប
AKP ភ្នំពេញ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥--ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រីបណ្ឌិត Edit Kiss អ្នកជំនាញកាបូននៃប្រទេសអង់គ្លេស កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៥ បានជួបពិភាក្សាគម្រោងលក់កាបូន សម្រាប់ឧទ្យានរាជបណ្ឌិត្យកម្ពុជា តេជោសែនឫស្សីត្រឹប។

ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិតប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងលោកស្រីបណ្ឌិត Edit Kiss អ្នកជំនាញកាបូននៃប្រទេសអង់គ្លេស បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់លើគម្រោងលក់កាបូន សម្រាប់ឧទ្យានរាជបណ្ឌិត្យកម្ពុជា ដែលចេញពីការថែរក្សាព្រៃឈើ ការដាំព្រៃឈើឡើងវិញ និងការបង្កើតការងារសហគមន៍ក្នុងឧទ្យានរាជបណ្ឌិត្យសភាតេជោសែនឫស្សីត្រឹប ដើម្បីធានានិរន្តរភាពព្រៃឈើ ក្នុងឧទ្យានឱ្យកាន់តែគង់វង្សល្អប្រសើរឡើងបន្ថែមទៀត។

សូមជម្រាបជូនថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើ ក្នុងទំហំ១១៤៣៥គីឡូម៉ែត្រការ៉េ ស្ថិតនៅស្រុកឆែប ខេត្តព្រះវិហារ ថែមទាំងមានបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវត្ថុបុរាណ ដែលងាយស្រួលសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិ ធ្វើការសិក្សាស្រាវជ្រាវ និងស្វែងយល់ពីទំនៀមទម្លាប់ការរស់នៅរបស់ប្រជាជនខ្មែរនៅសម័យបុរាណ៕

ដោយ ណយ នឿន





