រដ្ឋបាលស្រុកមុខកំពូលរៀបចំសិក្ខាសាលាកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៧-២០២៩
AKP កណ្ដាល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦-- គម្រោងអភិវឌ្ឍន៍ជាច្រើន ដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកមុខកំពូល ត្រូវបានលើកយកមកពិភាក្សា និងស្នើសុំការគាំទ្រ ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលឃុំ-ស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុក ឆ្នាំ២០២៦ ដើម្បីកៀរគរធនធានពីប្រភពនានា សម្រាប់គាំទ្រដល់ការអនុវត្តគម្រោងអភិវឌ្ឍន៍ដែលជាអាទិភាពក្នុងមូលដ្ឋាន។ ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកមុខកំពូល ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអ្នកពាក់ព័ន្ធនានា។

លោក នុត ពុធដារ៉ា អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា ចាប់តាំងពីមានកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សិក្ខាសាលាសមាហរណកម្ម កម្មវិធី វិនិយោគ៣ឆ្នាំរំកិលឃុំ ស្រុក នៅថ្នាក់ស្រុក ចំនួនគម្រោងដែលស្នើឡើងក្នុងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលឃុំ-ស្រុក ទទួលបានគាំទ្រជាបន្តបន្ទាប់ពីរដ្ឋបាលខេត្ត មន្ទីរជំនាញជុំវិញខេត្ត សប្បុរសជននិងអង្គការនានា ធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន នៅមូលដ្ឋានកាន់តែប្រសើរឡើង។ គម្រោងឃុំ ស្រុក ដែលបានស្នើឡើងទូទាំងខេត្តឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ ២០២៦ សរុប ៤ ៣២៥គម្រោង ក្នុងនោះ វិស័យកសិកម្ម ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩គម្រោង វិស័យអប់រំ ៤៣៩គម្រោង វិស័យសុខភាព ១ ១០៣គម្រោង វិស័យភាពងាយរងគ្រោះ ១៧០គម្រោង វិស័យបរិស្ថាន ៦៤៧គម្រោង, និងវិស័យរដ្ឋបាលនិង សន្តិសុខ ១.១៨៥គម្រោង ទទួលបានការគាំទ្រ តាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២ ០៦៨ គម្រោង ស្មើ៤៨ ភាគរយ។

លោកអភិបាលរងខេត្តបានរំពឹងថា នឹងទទួលបានការគាំទ្រពីមន្ទីរ-អង្គភាព អង្គការ និងសប្បុរសជនទៅតាម លទ្ធភាព និងធនធានដែលមានដើម្បីជួយអភិវឌ្ឍភូមិ-ឃុំ ឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ពីព្រោះកន្លងមកការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានាក្នុងឃុំ-សង្កាត់សុទ្ធតែមានការចូលរួមពីប្រជាជន នៅតាមសហគមន៍ ដែលតម្រូវការទាំងនោះបានឆ្លុះបញ្ចាំងនូវ បញ្ហា ឬតម្រូវការជាក់ស្តែងដែលបានកើត មាននៅក្នុងមូលដ្ឋាន ដូចនេះសូមលោក លោកស្រី មេត្តាយកចិត្តទុកដាក់បន្ថែមទៀតក្នុងការចូលរួមគាំទ្រ ដើម្បីដោះស្រាយនូវរាល់បញ្ហាទាំងនោះឱ្យមានប្រសិទ្ធភាព។

សូមជម្រាបផងដែរថា ជាលទ្ធផលក្នុងសិក្ខាសាលាសមាហរណកម្មនេះ សរុបរួមមាន ៣២០គម្រោង ទទួលបានការគាំទ្រ ១១៦គម្រោង ស្មើនឹង ៣៦ភាគរយ ក្នុងគម្រោង៨៩ ស្មើនឹង២៨ភាគរយ ក្រៅគម្រោង ២៧ ស្មីនឹង៨ភាគរយ។ ជាក់ស្តែងរដ្ឋបាលស្រុកមុខកំពូលបានលើកឡើង១២៣គម្រោង ទទួលបានការគាំទ្រចំនួន៨គម្រោង ស្មើនឹង៧ភាគរយ៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





